អន្តរជាតិ

រុស្ស៊ីបើកការវាយប្រហារដ៏សាហាវលើរដ្ឋធានីអ៊ុយក្រែន ខណៈពេលដែលលោកត្រាំចោទប្រកាន់លោកហ្សេឡេនស្គីថាបានធ្វើឱ្យខូចដល់ការចរចាសន្តិភាព

ប្រែសម្រួល៖ស-សម្បត្តិ

រុស្ស៊ីបានបើករលកវាយប្រហារដ៏សាហាវនៅលើទីក្រុងគីវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់សមភាគីអ៊ុយក្រែនរបស់លោកថាបានធ្វើឱ្យខូចដល់ការចរចាសន្តិភាព ក្នុងការវាយប្រហារថ្មីទៅលើលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។

ការវាយប្រហារដោយដ្រូននិងមីស៊ីលបានចំទីតាំង១៣កន្លែង រួមទាំងអគារលំនៅដ្ឋានផងដែរ នៅទូទាំងរដ្ឋធានីអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងតិច៩នាក់ និងរបួសជាង៧០នាក់ផ្សេងទៀត យោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន។

បន្ទាប់ពីការវាយប្រហារនេះ លោកហ្សេឡេនស្គីបានប្រកាសថា លោកនឹងកាត់បន្ថយរយៈពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅអាហ្វ្រិកខាងត្បូង ដែលលោកទើបតែបានចុះចតនៅទីនោះនាយប់ថ្ងៃពុធ ដើម្បីត្រឡប់ទៅអ៊ុយក្រែនវិញ។

អ្នកផលិតព័ត៌មានរបស់ CNN នៅក្នុងទីក្រុងគីវបានឮសីរែននៃការវាយប្រហារតាមអាកាសរន្ទឺពេញទាំងទីក្រុងអស់រយៈពេលប្រមាណ៦ម៉ោង នៅពេលព្រឹកដំបូងនៃថ្ងៃព្រហស្បតិ៍នេះ។ រូបភាពដែលផ្តល់ដោយសេវាសង្គ្រោះបន្ទាន់បានបង្ហាញអគារដែលត្រូវបានព័ទ្ធដោយអណ្តាតភ្លើងនៅតាមទីតាំងមួយចំនួនដែលត្រូវបានវាយប្រហារ។

អ្នកសង្គ្រោះ និងសត្វឆ្កែជួយស្រាវជ្រាវកំពុងស្វែងរកមនុស្សដែលគេជឿថាជាប់នៅក្រោមដុំបាក់បែកនៃផ្ទះដែលត្រូវបានបំផ្លាញដោយការវាយប្រហារក្នុងស្រុកស្វីអាតូស៊ីន នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ ក្លីមេនកូ។

“មានព័ត៌មានអំពីកុមារពីរនាក់ដែលនៅតែមិនអាចរកឃើញនៅឯហេតុការណ៍នោះ” លោក ក្លីមេនកូ បាននិយាយ ដោយបន្ថែមថាស្ថានភាពគឺ “ខ្លោចផ្សា”។

អភិបាលក្រុង លោក វីតាលី ក្លីតស្កូ បានអំពាវនាវឲ្យប្រជាជនស្វែងរកទីជម្រក។ រដ្ឋបាលយោធាទីក្រុងគីវបានផ្សាយសារបញ្ជាក់ថាមានសុវត្ថិភាពតាំងពីពេលនោះមក។

យ៉ាងហោចណាស់មានមនុស្ស៤២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រួមទាំងកុមារ៦នាក់ផងដែរ យោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន។

លោក ក្លីមេនកូ បាននិយាយថា មានតំបន់៨នៅក្នុងប្រទេសត្រូវបានគេកំណត់គោលដៅក្នុងអ្វីដែលលោកហៅថា “ការវាយប្រហាររួមគ្នាយ៉ាងខ្លាំងរបស់រុស្ស៊ី” ដែលបានបុកទីក្រុងគីវ ហ្ស៊ីតូមៀរ ដនីប្រូ ខាកីវ ផូលតាវ៉ា ខមេលនីតស្គី ស៊ូមី និងហ្សាប៉ូរីហ្ស៊ា។

រុស្ស៊ីបានបាញ់មីស៊ីល៧០គ្រាប់ និងដ្រូន១៤៥គ្រឿងចំទិសដៅអ៊ុយក្រែនយប់មិញ នេះបើតាមកងកម្លាំងអាកាសអ៊ុយក្រែន ដែលបាននិយាយថា ទីក្រុងគីវគឺជាគោលដៅចម្បង។ មីស៊ីលបាលីស្ទិក៥គ្រាប់ គឺស្ថិតក្នុងចំណោមមីស៊ីលទាំងនោះដែលបានធ្លុះផ្លូវតាមប្រព័ន្ធការពាររបស់អ៊ុយក្រែន យោងតាមព័ត៌មានលម្អិតដែលផ្តល់ដោយកងកម្លាំងអាកាស។

“វាមានសារៈសំខាន់ណាស់ដែលមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកមើលឃើញ និងយល់អំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ” នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដោយបន្ថែមថា អ៊ុយក្រែននឹងធ្វើការទាក់ទងដៃគូអន្តរជាតិរបស់ខ្លួនភ្លាមៗទាក់ទងនឹងសំណើរបស់យើងដើម្បីពង្រឹងការការពារតាមអាកាស។

“ការវាយប្រហារត្រូវតែបញ្ឈប់ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ” លោកបានបន្ថែម។

ការវាយប្រហារបានកើតឡើងបន្ទាប់ពីលោកត្រាំ និងលោកហ្សេឡេនស្គីបានជាប់ពាក់ព័ន្ធក្នុងការឈ្លោះប្រកែកជាសាធារណៈថ្មីមួយ ជាពិសេសទាក់ទងនឹងអនាគតរបស់ឧបទ្វីបគ្រីមៀ ដែលជាឧបទ្វីបអ៊ុយក្រែនដែលត្រូវបានរុស្ស៊ីដណ្តើមកាន់កាប់ដោយខុសច្បាប់ក្នុងឆ្នាំ២០១៤។

ជាផ្នែកមួយនៃបេសកកម្មក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរយៈពេល៣ឆ្នាំ រដ្ឋាភិបាលអាមេរិកបានស្នើឱ្យទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីទៅលើគ្រីមៀ នេះបើតាមមន្ត្រីដែលដឹងពីព័ត៌មានលម្អិតបានប្រាប់ CNN។

ការសម្រេចចិត្តណាមួយដើម្បីទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើគ្រីមៀនឹងដកចេញនូវគោលនយោបាយរបស់សហរដ្ឋអាមេរិកអស់រយៈពេលមួយទសវត្សរ៍ និងអាចរំខានដល់ឯកភាពដែលគេទទួលយកទូទៅក្រោយសង្គ្រាមលោកលើកទី២ ដែលព្រំដែនអន្តរជាតិមិនគួរត្រូវបានផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។

លោកហ្សេឡេនស្គីបាននិយាយដដែលៗថា អ៊ុយក្រែននឹងមិនទទួលយកការប្រគល់ឧបទ្វីបគ្រីម៉េនោះទេ ដោយនិយាយថាវានឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស។

កាលពីថ្ងៃពុធ លោកត្រាំបាននិយាយថា ជំហររបស់លោកហ្សេឡេនស្គីគឺ “បង្កការខូចខាតខ្លាំងដល់ការចរចាសន្តិភាពជាមួយរុស្ស៊ី”។

“វាជាសេចក្តីថ្លែងការណ៍បង្កហេតុដូចជារបស់លោកហ្សេឡេនស្គីដែលធ្វើឱ្យការដោះស្រាយសង្គ្រាមនេះមានការលំបាកខ្លាំង។ គាត់គ្មានអ្វីអួតអាងទេ!” លោកបានប្រកាសនៅលើបណ្តាញសង្គម Truth Social។

លោកត្រាំបានធ្វើការអត្ថាធិប្បាយប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានាធិបតី លោក JD វេន បានគំរាមដើម្បីបោះបង់ការចរចា ដោយប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចទៅឥណ្ឌាថា “សំណើដ៏ច្បាស់” មួយត្រូវបានដាក់ជូនទាំងរុស្ស៊ីនិងអ៊ុយក្រែន ហើយវា “ដល់ពេលសម្រាប់ពួកគេ ឬក៏ត្រូវនិយាយថាយល់ព្រម ឬសហរដ្ឋអាមេរិកនឹងដើរចេញ”។

ពីមុន ការចរចារវាងអ៊ុយក្រែន សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលមានគោលដៅជំរុញការងារឆ្ពោះទៅរកការឈប់បាញ់ត្រូវបានបន្ទាបដំណើរការធ្វើនៅកម្រិតមន្ត្រីវិញ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានដកខ្លួនចេញ។

“អារម្មណ៍បានឡើងខ្ពស់ថ្ងៃនេះ” លោកហ្សេឡេនស្គីបានប្រកាសនៅលើ X កាលពីថ្ងៃពុធ ពេលដែលការអភិវឌ្ឍថ្ងៃនោះបានបោះទៅលើភាពមិនប្រាកដប្រជាថ្មីនៃកិច្ចខិតខំប្រឹងប្រែងទូតដើម្បីបញ្ចប់សង្គ្រាម។

លោក ស្ទីវ វីតកហ្វ ជាអ្នកតំណាងពិសេសមជ្ឈិមបូព៌ារបស់រដ្ឋបាលលោកត្រាំ ត្រូវបានគេរំពឹងថានឹងទៅទស្សនាទីក្រុងម៉ូស្គូនៅថ្ងៃសុក្រ ដើម្បីពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន៕

ប្រភព៖ CNN