ដោយ៖ឧត្តរ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ មានករណីផ្ទុះគ្រាប់មីនមួយបានកើតឡើងនៅចំណុចអូរថ្ម ភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈដែលបុរសម្នាក់កំពុងបើកត្រាក់ទ័រដើម្បីភ្ជួរដីក្នុងចម្ការផ្ទាល់ខ្លួន។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ករណីផ្ទុះគ្រាប់មីននោះ បានធ្វើឲ្យអ្នកបើកបរត្រាក់ទ័រដែលជាកសិករម្នាក់រងរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីទទួលការព្យាបាលជាបន្ទាន់ពីក្រុមគ្រូពេទ្យ។
ហេតុការណ៍ដ៏គួរឱ្យសោកស្តាយនេះ បង្ហាញយ៉ាងច្បាស់ថា សំណល់យុទ្ធភណ្ឌពីសង្គ្រាមកន្លងមក នៅតែបន្តបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងសុវត្ថិភាពប្រជាជនខ្មែរយើង។ទោះបីជាសង្គ្រាមបានបញ្ចប់ជាយូរមកហើយក្តី ការប្រឈមនឹងគ្រាប់មីន និងសម្ភារផ្ទុះផ្សេងៗ នៅតែជាបញ្ហាសាធារណៈ។
រាជរដ្ឋាភិបាលកម្ពុជា តស៊ូខិតខំប្រឹងប្រែងបន្ត ដោយផ្ដោតលើការអនុវត្តគម្រោងសម្អាតមីន និងការផ្សព្វផ្សាយអប់រំសាធារណៈ ដើម្បីពង្រឹងការយល់ដឹង និងការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋ។ ការពង្រឹងសុវត្ថិភាពសាធារណៈ និងការរស់នៅប្រកបដោយសុវត្ថិភាព ជាអាទិភាពដ៏សំខាន់ក្នុងការរួមស្ថាបនាប្រទេសជាតិកម្ពុជាដល់អនាគត៕
