ប្រែសម្រួល៖ លន ស្រស់

មុំបៃ៖ ប្រទេសឥណ្ឌាបានចាប់ផ្តើមបង្កើនការទិញប្រេងដូងបន្ទាប់ពីការផ្អាករយៈពេលប្រាំខែ ដោយសារការធ្លាក់ចុះតម្លៃបានធ្វើឱ្យប្រេងដូងមានតម្លៃថោកជាងប្រេងសណ្តែកសៀងដែលជាគូប្រជែង ជំរុញឱ្យក្រុមហ៊ុនចម្រាញ់ប្រេងធ្វើការបញ្ជាទិញដើម្បីបំពេញស្តុកឡើងវិញ នេះបើតាមការប្រាប់របស់ឈ្មួញ កណ្តាលបួនរូបដល់សារព័ត៌មាន Reuters។
ការទិញកាន់តែច្រើនដោយប្រទេសឥណ្ឌា ដែលជាអ្នកទិញប្រេងដូងធំជាងគេបំផុតនៅលើពិភពលោក នឹងជួយទ្រទ្រង់ថ្លៃប្រេងដូងម៉ាឡេស៊ី ដែលបានធ្លាក់ចុះជាង ១០ ភាគរយមកហើយក្នុងឆ្នាំ ២០២៥។
លោក សាន់ឌីប បាចូរៀ នាយកប្រតិបត្តិនៃក្រុមហ៊ុន Sunvin Group ដែលជាឈ្មួញកណ្តាលប្រេងរុក្ខជាតិបានលើកឡើងថា “ជនជាតិឥណ្ឌាបានកាត់បន្ថយការទិញប្រេងដូង ព្រោះវាមានតម្លៃថ្លៃពេក។ ប៉ុន្តែឥឡូវនេះវាមានតម្លៃថោកជាងប្រេងសណ្តែកសៀង ក្រុមហ៊ុនចម្រាញ់ប្រេងកំពុងធ្វើការបញ្ជាទិញ”។
បច្ចុប្បន្ន ប្រេងដូងឆៅ (CPO) កំពុងត្រូវបានផ្តល់ជូនក្នុងតម្លៃប្រមាណ ១.០៥០ ដុល្លារក្នុងមួយតោន រួមទាំងថ្លៃដើម ការធានារ៉ាប់រង និងការដឹកជញ្ជូន (CIF) នៅប្រទេសឥណ្ឌាសម្រាប់ការដឹកជញ្ជូនខែឧសភា បើប្រៀបធៀបទៅនឹងប្រមាណ ១.១០០ ដុល្លារសម្រាប់ប្រេងសណ្តែកសៀងឆៅ នេះបើតាមការប្រាប់របស់ឈ្មួញកណ្តាល។
អ្នកទិញឥណ្ឌាបានចាប់ផ្តើមកាត់បន្ថយការទិញចាប់ពីខែធ្នូ នៅពេលដែលបុព្វលាភប្រេងដូងលើប្រេងសណ្តែកសៀងកើនឡើងលើស ១០០ ដុល្លារ។
ប្រទេសឥណ្ឌានាំចូលប្រេងដូងចំនួន ១,៥៧ លានតោនពីខែធ្នូដល់ខែមីនា។ ការដឹកជញ្ជូនសម្រាប់ខែមេសាត្រូវបានគេរំពឹងថានឹងមានប្រមាណ ៣៥០.០០០ តោន ដែលធ្វើឱ្យការនាំចូលជាមធ្យមប្រចាំខែសម្រាប់រយៈពេលប្រាំខែមានចំនួន ៣៨៤.៧១២ តោន។
ប្រទេសឥណ្ឌានាំចូលប្រេងដូងជាមធ្យមច្រើនជាង ៧៥០.០០០ តោនក្នុងមួយខែ ក្នុងអំឡុងឆ្នាំទីផ្សារដែលបានបញ្ចប់នៅខែតុលា ឆ្នាំ២០២៤ នេះបើតាមសម្ព័ន្ធអ្នកចម្រាញ់សារធាតុនៃប្រទេសឥណ្ឌា ដែលត្រៀមផ្សព្វផ្សាយទិន្នន័យនាំចូលខែមេសារបស់ខ្លួននៅពាក់កណ្តាលខែឧសភា។
ការនាំចូលប្រេងដូងរបស់ប្រទេសទំនងជានឹងកើនឡើងលើស ៥០០.០០០ តោននៅខែឧសភា និងលើស ៦០០.០០០ តោននៅខែមិថុនា។ ចាប់ពីខែកក្កដាដល់ខែកញ្ញា មធ្យមប្រចាំខែអាចនឹងច្រើនជាង ៧០០.០០០ តោន នេះបើតាមការប្រាប់របស់ឈ្មួញកណ្តាល។
លោក រ៉ាចេស ផាតេល នាយកដៃគូនៃក្រុមហ៊ុន GGN Research ដែលជាអ្នកជួញដូរប្រេងបរិភោគបានលើកឡើងថា ស្តុកនៅប្រទេសឥណ្ឌាត្រូវបានថយចុះ ដោយសារការនាំចូលទាបជាងធម្មតាក្នុងរយៈពេលប្រាំខែកន្លងមក ហើយឥឡូវនេះក្រុមហ៊ុនចម្រាញ់ប្រេងត្រូវបង្កើនការនាំចូលដើម្បីបំពេញស្តុកឡើងវិញ។
ប្រទេសឥណ្ឌាទិញប្រេងដូងភាគច្រើនពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈពេលដែលនាំចូលប្រេងសណ្តែកសៀងនិងប្រេងផ្កាឈូករ័ត្នពីប្រទេសអាហ្សង់ទីន ប្រេស៊ីល រុស្ស៊ី និងអ៊ុយក្រែន៕
ប្រភព៖ Reuters
