ប្រែសម្រួល៖ស-សម្បត្តិ
ហុងកុង/វ៉ាស៊ីនតោន CNN — ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហាញសញ្ញានៃការប្រែប្រួលជំហរអំពីសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន នៅក្នុងបរិបទនៃភាពមិនស្ថិតស្ថេរនៃទីផ្សារ ដោយនិយាយថា ពន្ធគយខ្ពស់លើទំនិញចិននឹង “ចុះទាបគួរឱ្យកត់សម្គាល់ ប៉ុន្តែវានឹងមិនសូន្យទេ”។

សម្តីរបស់លោកត្រាំ ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ព័ត៌មាននៅសេតវិមានកាលពីថ្ងៃអង្គារ ហាក់ដូចជាបង្ហាញពីការប្រែប្រួលសម្តីបន្ទាប់ពីការប្រកាសជំហររឹងមាំរយៈពេលប៉ុន្មានសប្តាហ៍ និងការសងសឹកទៅវិញទៅមក ដែលបានធ្វើឱ្យពន្ធគយលើប្រទេសចិនកើនឡើងលើសពី ១៤៥%។”១៤៥% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់កម្រិតនោះទេ” លោកត្រាំបានថ្លែងនៅក្នុងការសួរ-ឆ្លើយជាមួយអ្នកកាសែតនៅក្នុងការិយាល័យពងក្រពើ។ “វានឹងមិនខ្ពស់ដល់កម្រិតនោះទេ។ វានឹងចុះទាបគួរឱ្យកត់សម្គាល់។ ប៉ុន្តែវានឹងមិនសូន្យទេ។”
លោកត្រាំបានធ្វើអធិប្បាយនេះនៅពេលដែលត្រូវបានសួរអំពីមតិរបស់រដ្ឋមន្ត្រីរតនាគារ ស្កត ប៊េសេន្ត កាលពីពេលមុននៅថ្ងៃដដែល ដែលបាននិយាយថា អត្រាពន្ធគយខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានបង្កឱ្យមានការហាមឃាត់ដោយប្រយោលលើពាណិជ្ជកម្មរវាងសេដ្ឋកិច្ចទាំងពីរ។
លោកប៊េសេន្តបានថ្លែងនៅក្នុងសន្និសីទវិនិយោគឯកជនដែលរៀបចំដោយ JP Morgan Chase ថា សង្រ្គាមពាណិជ្ជកម្មជាមួយចិនមិនអាចទ្រទ្រង់បានទេ ហើយលោករំពឹងថា ជម្លោះនឹងបន្ធូរបន្ថយនៅពេលខាងមុខឆាប់ៗនេះ។ មនុស្សម្នាក់ដែលស្គាល់បញ្ហានេះបានបញ្ជាក់ជាមួយ CNN។
ជំនួសឱ្យការកាត់ផ្តាច់ទាំងស្រុងរវាងសហរដ្ឋអាមេរិក និងចិន លោកប៊េសេន្តបានប្រាប់វិនិយោគិនថា គោលដៅគឺការធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មឡើងវិញ តាមប្រភពព័ត៌មានបានប្រាប់ CNN។
ការវាយតម្លៃនោះបានផ្តល់ជំរុញដល់ការកើនឡើងទីផ្សារវ៉លស្ត្រីតដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយសន្ទស្សន៍ភាគហ៊ុនអាមេរិកទាំងបីធំៗបានឈានដល់កម្រិតខ្ពស់បំផុតប្រចាំថ្ងៃ បន្ទាប់ពីមតិរបស់លោកប៊េសេន្តត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ភាគហ៊ុនអាស៊ីក៏បានកើនឡើងផងដែរនៅថ្ងៃពុធ ដោយសន្ទស្សន៍ហាងឆេងនៃហុងកុងឈានមុខគេនៅក្នុងតំបន់។ វាបានកើនឡើង ២,៥% ខណៈដែលសន្ទស្សន៍នីកេ ២២៥ របស់ជប៉ុនបានកើនប្រមាណ ២% ហើយសន្ទស្សន៍កូស្ពីរបស់កូរ៉េខាងត្បូងបានកើនឡើង ១,៥%។
ការប្រែប្រួលទឹកសំឡេងរបស់លោកត្រាំមិនត្រូវបានមើលរំលងនៅក្នុងប្រទេសចិនទេ។ នៅថ្ងៃពុធ ហេសតេក “ត្រាំបានភ័យញ័រ” កំពុងត្រូវបានគេនិយមលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ដែលមានអ្នកទស្សនាច្រើនជាង ១១០ លាននាក់។
សេដ្ឋកិច្ចធំពីរនៅលើពិភពលោកបានដាក់ពន្ធគយកំណត់ត្រាមួយលើគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធដែលរីករាលដាលយ៉ាងឆាប់រហ័ស ដែលបានធ្វើឱ្យចលាចលទីផ្សារពិភពលោក បង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងបង្កើនការព្រួយបារម្ភអំពីភាពធ្លាក់ចុះសេដ្ឋកិច្ច។
រហូតមកដល់ពេលនេះ ប្រទេសចិនបានប្រកាសជំហរប្រឆាំង និងបដិសេធមិនចុះចាញ់។ ផ្ទុយទៅវិញ បានសងសឹកដោយបង្កើនពន្ធគយលើទំនិញអាមេរិករហូតដល់ ១២៥% បន្ថែមក្រុមហ៊ុនអាមេរិកជាច្រើនទៀតក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ និងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន និងដាក់កម្រិតលើការនាំចេញធាតុរ៉ែសំខាន់ៗដែលត្រូវបានប្រើប្រាស់ក្នុងអ្វីៗគ្រប់យ៉ាងចាប់ពីទូរសព្ទ iPhone រហូតដល់ប្រព័ន្ធមីស៊ីល។
ទីក្រុងប៉េកាំងក៏បានចាត់វិធានការបង្កការឈឺចាប់ដល់ឧស្សាហកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក ដោយដាក់កម្រិតលើចំនួនខ្សែភាពយន្តហូលីវូដដែលបង្ហាញក្នុងប្រទេស និងប្រគល់យន្តហោះ Boeing យ៉ាងហោចណាស់ពីរគ្រឿងដែលមានគោលបំណងសម្រាប់ប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ចិនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
«ល្អណាស់» តាមរយៈនេះទាំងអស់ លោកត្រាំបានអះអាងថា លោកមាន “ទំនាក់ទំនងល្អណាស់” ជាមួយលោក ស៊ី ជីនភីង ខណៈពេលរង់ចាំឱ្យមេដឹកនាំចិនទាក់ទង – ហើយបានប្រាប់ក្រុមការងាររបស់លោកថា សហរដ្ឋអាមេរិកនឹងមិនធ្វើជំហានដំបូងទេ តាមរបាយការណ៍ CNN កាលពីពេលមុន។
ជំនួសឱ្យការទូរសព្ទទៅលោកត្រាំដើម្បីចរចាពន្ធគយ លោក ស៊ី បានបើកការវាយលុកការទូតទាក់ទាញមិត្តភាពជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់សង្រ្គាមពន្ធគយដើម្បីបំបែកចិនពីសេដ្ឋកិច្ច។
នៅថ្ងៃអង្គារ លោកត្រាំបានបង្ហាញពីក្តីសង្ឃឹមរបស់លោកម្តងទៀតឱ្យលោក ស៊ី មកកាន់តុចរចា – ហើយបានសន្យាថានឹង “មានភាពរួសរាយរាក់ទាក់ណាស់”។
នៅពេលដែលត្រូវបានសួរថាតើសហរដ្ឋអាមេរិកនឹងលេងល្បែងតឹងរឹងជាមួយចិន ឬលោក ស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀងឬទេ ឬថាតើមន្ត្រីនឹងលើកឡើងពីជំងឺរាតត្បាត Covid-19 ឬទេ លោកត្រាំបានឆ្លើយភ្លាមៗថា៖ “ទេ”។
“ទេ ទេ យើងនឹងមានភាពរួសរាយរាក់ទាក់ណាស់។ ពួកគេនឹងមានភាពរួសរាយរាក់ទាក់ណាស់ដែរ ហើយយើងនឹងមើលថាមានអ្វីកើតឡើង” ប្រធានាធិបតីបានបន្ថែម។ “ប៉ុន្តែនៅទីបំផុត ពួកគេត្រូវតែធ្វើកិច្ចព្រមព្រៀង ព្រោះបើមិនអញ្ចឹងទេ ពួកគេនឹងមិនអាចធ្វើពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិកបានទេ ហើយយើងចង់ឱ្យពួកគេចូលរួម។”
“ខ្ញុំគិតថាយើងនឹងរស់នៅជាមួយគ្នាដោយសប្បាយរីករាយ ហើយតាមលក្ខណៈសមរម្យ យើងនឹងធ្វើការជាមួយគ្នា ដូច្នេះខ្ញុំគិតថាវានឹងដំណើរការល្អណាស់” លោកបាននិយាយ។
ចំណែកឯប្រទេសចិនវិញ បានបើកទ្វាសម្រាប់ការចរចា ប៉ុន្តែបានទទូចថា ពួកគេត្រូវតែស្ថិតនៅលើលក្ខខណ្ឌស្មើភាពគ្នា។
មនុស្សម្នាក់ដែលស្គាល់ការគិតរបស់រដ្ឋាភិបាលចិនបានប្រាប់ CNN កាលពីសប្តាហ៍មុនថា ប្រទេសចិនបើកចំហរសម្រាប់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែការពិភាក្សាណាមួយគួរតែផ្អែកលើ “ការគោរព” ក៏ដូចជា “ភាពស្ថិតស្ថេរ និងភាពទៅវិញទៅមក” បន្ថែមទៀតពីរដ្ឋបាលលោកត្រាំ។
មុនពេលលោកត្រាំបង្ហាញពន្ធគយ “ថ្ងៃរំដោះ” របស់លោកនៅថ្ងៃទី ២ ខែមេសា ប្រទេសចិនបានចាត់តាំងមនុស្សម្នាក់សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក ប្រភពព័ត៌មានបាននិយាយ ដោយបន្ថែមថា ទីក្រុងប៉េកាំងមិនច្បាស់អំពីទំនាក់ទំនងត្រឹមត្រូវនៅខាងសហរដ្ឋអាមេរិកទេ។ លោកត្រាំអាចចង់ធ្វើជាអ្នកចរចាដោយខ្លួនឯង ប៉ុន្តែវាមិនសមស្របជាមួយនឹងរបៀបដែលប្រទេសចិនដំណើរការឡើយ ប្រភពព័ត៌មានបានបន្ថែម។
ដោយយោងទៅលើទស្សនៈប្រឆាំង ឬសូម្បីតែស្ទើរតែមានសត្រូវចំពោះប្រទេសចិន ដែលបានបញ្ចេញដោយសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកត្រាំ ជនដែលមិនបញ្ចេញឈ្មោះនោះបាននិយាយថា ការខកខានរបស់លោកត្រាំមិនបានបដិសេធទស្សនៈបែបនេះបង្ហាញថា លោកយល់ព្រមជាមួយពួកគេ ទោះបីជាការអះអាងជាសាធារណៈរបស់លោកអំពីការគោរព និងការចូលចិត្តលោក ស៊ី ក៏ដោយ។
កាលពីដើមខែនេះ ទីក្រុងប៉េកាំងបានរិះគន់អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD វ៉ាន់ ចំពោះមតិរបស់លោកអំពី “កសិករចិន” នៅក្នុងបទសម្ភាសន៍មួយដែលបានទាក់ទាញការខឹងសម្បា និងការចំអកឡកឡឺយយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិតរបស់ប្រទេសចិន៕
ប្រភព ៖ CNN
