ព័ត៌មានជាតិ

ឧកញ៉ាធំៗនៅកម្ពុជារួមគ្នាបង្កើតមន្ទីរពេទ្យទំនើបធំមួយ ដោយចំណាយទុនជាង ៣០០លានដុល្លារអាមេរិក

ដោយ : បន្ទាយ

ភ្នំពេញ ៖ ឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា(MoU) ដើម្បីបង្កើតមន្ទីរពេទ្យទំនើបដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងចំណាយទុនប្រមាណជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមពិធីចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណានាវេលាខាងលើ។

អ្នកឧកញ៉ា លោកឧកញ៉ាធំៗទាំងនោះរួមមានដូចជា៖ អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ​ ជាហួត, អ្នកឧកញ៉ា សៀ ឫទ្ធី ជាដើម។

មន្ទីរពេទ្យដ៏ទំនើបថ្មីនេះ គ្រោងសាងសង់នៅឆ្នាំ២០២៦ ហើយនឹងរួចរាល់សម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៨ ខាងមុខ។

ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖

 

ទី១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ចំនួន២៣%។

ទី២. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ចំនួន២៣%។

ទី៣. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា ហៀង ប៊ុនប៉ង សហស្ថាបនិក និងជាអនុប្រធានក្រុមហ៊ុន ប៉េង ហួត គ្រុប ចំនួន២៣%។

ទី៤. អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ចំនួន១០%។

ទី៥. អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមេគង្គ លែន ឌីវេឡុបម៉ិន ឯ.កចំនួន ៦%។

ទី៦. អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ចំនួន ៥%។

ទី៧. អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរីអង្គរ ផាលេស ចំនួន៥%។

ទី៨. ឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទីតឡូសិន ខូអិលធីឌី ចំនួន៥%។

យោងការប្រកាសព័ត៌មានពីពិធីនោះ គោលបំណងនៃការផ្តួចផ្តើចគម្រោងសុខាភិបាលនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោកនៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។

ជាមួយនឹងចក្ខុវិស័យរួម ក្នុងការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ គ្រប់ដៃគូភាគហ៊ុនមានគោលដៅច្បាស់លាស់ក្នុងការនាំយកនូវគ្រឿងបរិក្ខារដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ចម្រាញ់យកវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ និងទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ ជាមួយស្មារតីយកចិត្តទុកដាក់ខ្ពស់ ផ្តោតសំខាន់លើការថែទាំអ្នកជំងឺ។

មន្ទីរពេទ្យនេះ មិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយនោះទេ វាជាសញ្ញាណទំនុកចិត្តលើអនាគតនៃកម្ពុជា ជាអនាគតមួយដែលការថែទាំសុខភាពមានភាពសម្បូរបែប មានគុណភាព និងឯកទេសខ្ពស់ ស្ថិតនៅក្នុងស្រុកតែម្តង។

មន្ទីរពេទ្យនេះនឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។

ចំណុចផ្ដោតដ៏សំខាន់នៃគម្រោងនេះ គឺការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុក តាមរយៈការបន្តហ្វឹកហាត់បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិ។ ការបោះទុនសហការរួមគ្នានេះ គូសបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ដៃគូសហការទាំងអស់ ក្នុងការរួមចំណែកចូលរួមដ៏ប្រពៃនេះ ដើម្បីការអភិវឌ្ឍរបស់ជាតិ លើកកម្ពស់ជីវភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជាទូទាំងប្រទេស។

ការសាងសង់គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរវឌ្ឍនភាពនៃការទទួលបាននូវសេវាថែទាំសុខភាពដល់ប្រជាជនកម្ពុជា។ការវិនិយោគនេះនឹងរំពឹងទុកនូវទុនចំនួន៣០០លានដុល្លារ។

មហាសេដ្ឋីនៅស្រុកខ្មែរបានចាប់ដៃរួមគ្នាបង្កើតមន្ទីរពេទ្យមួយបម្រើឲ្យវិស័យសុខាភិបាលលំដាប់ស្តង់ដាពិភពលោកនៅក្នុងស្រុក នឹងជួយកាត់បន្ថយការទទួលសេវាព្យាបាលនៅបរទេសរបស់ប្រជាជនកម្ពុជា៕