អន្តរជាតិ

ជម្លោះរវាងសាកលវិទ្យាល័យហាវឺដ និងលោកត្រាំបង្កឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចនៅក្នុងទីក្រុងបូស្តុន

ប្រែសម្រួល៖ស-សម្បត្តិ

ជម្លោះបន្តរវាងរដ្ឋបាលរបស់លោកត្រាំ និងសាកលវិទ្យាល័យហាវឺដ កំពុងបង្កឱ្យមានផលវិបាកសេដ្ឋកិច្ចយ៉ាងគួរឱ្យកត់សម្គាល់សម្រាប់ទីក្រុងបូស្តុន និងក្រុងខេមប្រីដ។ សេតវិមានបានបង្កកថវិកាជាង ២,២ ពាន់លានដុល្លារទៅសាកលវិទ្យាល័យហាវឺដ បន្ទាប់ពីសាកលវិទ្យាល័យបដិសេធមិនព្រមអនុវត្តតាមសំណើរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ដែលទាក់ទងនឹងការដោះស្រាយបញ្ហាប្រឆាំងជនជាតិជ្វីសនៅក្នុងបរិវេណសាកលវិទ្យាល័យ។ កំណែទម្រង់ទាំងនេះរួមមានការផ្លាស់ប្តូរការប្រព្រឹត្តនៃការជ្រើសរើសបុគ្គលិក ការចូលរៀន និងការបង្រៀនរបស់សាកលវិទ្យាល័យហាវឺដ។

ការបង្កកថវិកានេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់រដ្ឋបាល ដែលកំពុងប្រឆាំងនឹងស្ថាប័នអាយវីលីកជាច្រើន រួមទាំងសាកលវិទ្យាល័យផេនស៊ីលវេនីញ៉ា ប្រាវន៍ និងព្រីនស្តុន។ ក្រុមការងាររួមនៃក្រសួងអប់រំសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រឆាំងជនជាតិជ្វីស បានប្រកាសអំពីការកាត់បន្ថយថវិកាបន្ទាប់ពីបានសន្និដ្ឋានថា សាកលវិទ្យាល័យហាវឺដមិនបានដោះស្រាយបញ្ហាប្រឆាំងជនជាតិជ្វីសក្នុងបរិវេណសាកលវិទ្យាល័យឱ្យបានគ្រប់គ្រាន់។

លោក អាឡាន ហ្គាប៊ើ សាកលវិទ្យាធិការសាកលវិទ្យាល័យហាវឺដ បានជំទាស់នឹងការទាមទារទាំងនេះ ដោយបញ្ជាក់ថាវារំលោភលើសិទ្ធិរបស់សាកលវិទ្យាល័យក្រោមវិសោធនកម្មទីមួយ និងលើសពីសិទ្ធិអំណាចរបស់រដ្ឋាភិបាលក្រោមចំណងជើងទី៦។ ក្នុងលិខិតមួយដែលផ្ញើទៅកាន់សហគមន៍ហាវឺដ លោក ហ្គាប៊ើ បានសង្កត់ធ្ងន់ថា គ្មានរដ្ឋាភិបាលណាមួយគួរកំណត់ថាសាកលវិទ្យាល័យឯកជនអាចបង្រៀនអ្វី ជ្រើសរើសនរណាឱ្យចូលរៀននិងធ្វើការ ឬតំបន់សិក្សាណាមួយដែលពួកគេអាចស្វែងរកបាននោះទេ។

ផលប៉ះពាល់សេដ្ឋកិច្ចលើទីក្រុងបូស្តុន និងក្រុងខេមប្រីដកំពុងចាប់ផ្តើមកើតមានឡើងយ៉ាងច្បាស់ ហើយអ្នកជំនាញហៅវាថា “ឥទ្ធិពលរង្វិលជុំនៃទ្រព្យសម្បត្តិ”។ សាកលវិទ្យាល័យហាវឺដ ដែលមានបុគ្គលិកជាង ២០.០០០ នាក់ និងមានទំនាក់ទំនងទៅនឹងវិស័យសេដ្ឋកិច្ចសំខាន់ៗស្ទើរតែទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ កំពុងមើលឃើញផលប៉ះពាល់ក្នុងវិស័យផ្សេងៗ៖

-ទីផ្សារអចលនទ្រព្យថ្លៃៗរបស់ក្រុងខេមប្រីជកំពុងបង្ហាញសញ្ញានៃភាពតានតឹង ដោយអ្នកទិញដែលមានទ្រព្យធនដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញ និងអ្នកលក់ស្ទាក់ស្ទើរក្នុងការដាក់លក់អចលនទ្រព្យ

-អត្រាទំនេរនៃអគារវិទ្យាសាស្ត្រជីវិតនៅក្នុងតំបន់បូស្តុនបានឈានដល់ ៣០ ភាគរយនៅចុងឆ្នាំ ២០២៤

-វិស័យបច្ចេកវិទ្យាជីវសាស្ត្រ អចលនទ្រព្យ និងសេវាកម្មបដិសណ្ឋារកិច្ចក្នុងតំបន់កំពុងស្ថិតក្រោមការគំរាមកំហែង

ការទាមទាររបស់រដ្ឋបាលលោកត្រាំរួមមានកំណែទម្រង់រដ្ឋាភិបាលនិងភាពជាអ្នកដឹកនាំទូលំទូលាយ គោលនយោបាយទទួលនិសិ្សតនិងជ្រើសរើសបុគ្គលិកដែលផ្អែកលើ “គុណសម្បត្តិ” ការត្រួតពិនិត្យលើនិស្សិតនិងសាស្ត្រាចារ្យទាក់ទងនឹងទស្សនៈរបស់ពួកគេលើភាពចម្រុះ ការហាមប្រាមលើការពាក់ម៉ាស់នៅពេលធ្វើបាតុកម្ម និងការដាក់កម្រិតលើការទទួលស្គាល់ក្រុមនិស្សិតដែល “គាំទ្រឬលើកទឹកចិត្តសកម្មភាពឧក្រិដ្ឋកម្ម”។

ជម្លោះនេះបានបង្កឱ្យមានប្រតិកម្មពីអ្នកពាក់ព័ន្ធជាច្រើន។ សិស្សចាស់របស់សាកលវិទ្យាល័យហាវឺដបានសរសេរទៅកាន់ថ្នាក់ដឹកនាំសាកលវិទ្យាល័យជំរុញឱ្យពួកគេជំទាស់នឹង “ការទាមទារខុសច្បាប់ដែលគំរាមកំហែងដល់សេរីភាពសិក្សា និងការគ្រប់គ្រងខ្លួនឯងរបស់សាកលវិទ្យាល័យ”។ សមាគមសាស្ត្រាចារ្យសាកលវិទ្យាល័យអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការកាត់ថវិកា ដោយលើកឡើងថារដ្ឋបាលមិនបានអនុវត្តតាមជំហានដែលត្រូវការក្រោមចំណងជើងទី៦ មុនពេលអនុវត្តការកាត់បន្ថយថវិកា។

ខណៈពេលដែលសាកលវិទ្យាល័យកូឡុំប៊ីបានចុះចាញ់នឹងសម្ពាធស្រដៀងគ្នាពីរដ្ឋបាលពីមុនមក សាកលវិទ្យាល័យហាវឺដ ដែលកាន់កាប់មូលនិធិសាកលវិទ្យាល័យធំបំផុតនៅលើពិភពលោក ហាក់ដូចជាត្រៀមខ្លួនរួចរាល់ក្នុងការប្រឆាំងនឹងការទាមទារទាំងនេះ ដែលបង្កើតឡើងនូវជម្លោះរយៈពេលវែងដែលអាចមានផលវិបាកសេដ្ឋកិច្ចសំខាន់ៗសម្រាប់តំបន់បូស្តុន៕