ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ពិធីរៀបការលេងៗដើម្បីចូលរួមរកបច្ច័យកសាងវត្តនៅវត្តបឹងត្រាវឃុំបត់ត្រង់ស្រុកមង្គលបូរី នៅតែរក្សាបាននិងរៀបចំ ទោះបីជាឥទ្ធិពលសង្ក្រាន្តរៀបចំដោយអាជ្ញាធរធ្វើធំ គគ្រឹកគគ្រេងហាក់បានបង្វែរចំណាប់អារម្មណ៍ឲ្យអ្នកស្រុក ពិសេសបងប្អូនកូនក្មួយយុវជន យុវនារីឲ្យវក់ជក់ចិត្តតែមួយកម្មវិធីនៅកន្លែងសំខាន់ៗនោះ។
យ៉ាងណាមិញកាលពីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥ នៅអម្ពរនារាមបឹងត្រាវ ហៅវត្តបឹងត្រាវ នាឃុំបត់ត្រង់ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ គេឃើញយុវជន យុវនារីដែលស្ម័គ្រចិត្តធ្វើជាតួអង្គសម្តែងជាកូនកំលោះកូនក្រមុំអមដោយអ្នកំដរដែលជាក់ស្តែងមិនបានស្រលាញ់គ្នានិងចង់យកគ្នាជាប្តីប្រពន្ធទេ ហើយក៏មិនបារម្ភខ្លាចក្លាយជា«មេម៉ាយ, ពោះម៉ាយខាន់ស្លា» បានទទួលយកសម្លៀកបំពាក់និងពិធីអាពាហ៍ពិពាហ៍និមិត្តរូបឬពិធីលេងៗដើម្បីចូលរួមចំណែករកចំណូលកសាងវត្តតាមរយ:ភ្ញៀវចង់ថែ។
ក្នុងនោះ គេសង្កេតឃើញ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី, លោកជាវ ណារិន ប្រធានអគ្គិសនីកម្ពុជាសាខាខេត្តបន្ទាយមានជ័យ លោកអនុប្រធានមន្ទីររ៉ែនិងថាមពលខេត្ត មន្ត្រីអាជ្ញាធរ សមត្ថកិច្ច អ្នកពាក់ព័ន្ធបានចូលរួមនិងឧបត្ថម្ភផងដែរ ។
អស់លោកបានសាទរនិងលើកទឹកចិត្តឲ្យមានការថែរក្សាប្រពៃណីរៀបចំពិធីរៀបការលេងៗដើម្បីចូលរួមរកបច្ច័យឬចំណូលមែនទែននេះ ព្រោះនៅទូទាំងខេត្តបន្ទាយមានជ័យឬអាចថានៅទូទាំងប្រទេស ពិធីនេះមានតែនៅវត្តបឹងត្រាវនេះមួយប៉ុណ្ណោះ។
សូមរំលឹកថា ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ តាមទីវត្តអារាមនានា គេតែងតែប្រារព្ធពិធីត្រាស់ចូលឆ្នាំឬសង្រ្កាន្ត (ឆ្លងចូលឆ្នាំថ្មី) ដែលជាពិធីផ្តាច់ឆ្នាំចាស់ ផ្តាច់សករាជចាស់ ទទួលសករាជថ្មី និងបណ្តេញអស់ឧបទ្រព្យចង្រៃទាំងឡាយទាំងពួងពីឆ្នាំចាស់ ហើយអញ្ជើញទេវតាឆ្នាំថ្មីគ្រប់គ្រងថែរក្សាកូនចៅ ។
ដោយឡែកវត្តអម្ពរនារាមបឹងត្រាវ ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រះសង្ឃ គណៈកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្តតែងបានរៀបចំពិធីត្រាស់សង្ក្រាន្ត ប៉ុន្តែមានភាពប្លែកពីគេ ដោយមានដូចជាពិធីរៀបអាពាហ៍ពិពាហ៍កូនកំលោះកូនក្រមុំ ដើម្បីអបអរសាទរទទួលចូលទេវតាឆ្នាំថ្មី តាមទំនៀមទម្លាប់ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំជាយូរយាមកហើយ។
ពិធីនេះក៏មានប្រជាពលរដ្ឋចូលរួមហែផ្លែឈើចម្រុះ លើកជំនូនរាប់រយគូ ហែតាមផ្លូវអមដោយមានភ្លេងខ្មែរ ហើយបន្ថែមឆៃយ៉ាំដូចហែបុណ្យកឋិនចូលក្នុងវត្ត។បន្ទាប់មកអាចារ្យពេលាឬមហាបានទទួលឲ្យពរជ័យដល់កូនក្រមុំ និងកូនកំលោះ។
ក្នុងនោះក៏តែងមានអ្នកមុខអ្នកការ អាជ្ញាធររាជការ ឪពុក ម្តាយកូនប្រុស ស្រី ទាំងសងខាងនិងប្រជាពលរដ្ឋចូលរួមដែរ ហើយបានធ្វើពិធីកាត់សក់ និងបង្កក់សិរីសួស្តីដល់គូអាពាហ៍ពិពាហ៍ ហើយសំខាន់និងចំគោលបំណងពិធីគឺគេនាំគ្នាសែនចងដៃ”ជាអំបោះលាយឡំលុយកាក់” ទៅតាមសន្តានចិត្តនិងសទ្ធាជ្រះថ្លាយ៉ាងច្រើនកុះករនិងសប្បាយរីករាយ ។
ជាកិច្ចបញ្ចប់កម្មវិធី កូនកំលោះក៏ធ្វើពិធីព្រះថោងតោងស្បៃនាងនាគ កូនកំលោះតោងស្បៃកូនក្រមុំដូចពិធីរៀបការមែនទែនដែរ ។ ចុងក្រោយ តួអង្គកូនកំលោះ ក្រមុំបានផ្លាស់ប្តូរសម្លៀកបំពាក់ប្រពៃណីចេញ ហើយស្លៀកពាក់សម្លៀកបំពាក់ធម្មតាចូលរួមរាំកម្សាន្តនិងបែកគ្នាទៅផ្ទះរៀងៗខ្លួន។
គួរបញ្ជាក់ដែរថា តួអង្គអ្នកសម្តែងសិល្ប:រៀបការ ជួនកាលមានច្រើនគូដែរ ប៉ុន្តែមានលក្ខខណ្ឌគឺត្រូវតែជាអ្នកមានវ័យក្មេង នៅលីវ កំលោះក្រមុំ ហើយស្ម័គ្រចិត្តឥតបង្ខំ។
ពិធីត្រាស់សង្រ្កាន្តវត្តអម្ពរនារាមបឹងត្រាវ បានបន្តទៅលេងគប់កញ្ញាធ្លាក់ទឹក ប្រឡងបវរកញ្ញា”យាយៗ” រាំវង់កំដរកម្សាន្តឲ្យអធឹកអធមបន្ត ក្នុងបំណងស្វះស្វែងរកបច្ច័យថវិកាដែលបានមកពីពុទ្ធបរិស័ទចងដៃនោះគឺទុកសម្រាប់កសាងនូវសមិទ្ធផលនានាក្នុងវត្ត៕
