កម្សាន្ដ

បិទសង្រ្កាន្តចូលឆ្នាំខ្មែរខេត្តបន្ទាយមានជ័យ​ ជាមួយភ្ញៀវនិងពលរដ្ឋមកលេងកម្សាន្តសរុប៤ថ្ងៃជិត១លាននាក់ 

ដោយ : បន្ទាយ

បន្ទាយមនជ័យ ៖ដំណើរ​សង្រ្កាន្ត​បន្ទាយមានជ័យ​រយៈពេល​៤ថ្ងៃ​ ដែលបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សួន​តេជោ​ ឈ្នះ​ ឈ្នះ​ (វេទិកាខេត្ត) ចំកណ្តាលទីប្រជុំជនខេត្តក្នុង​ក្រុង​សិរីសោភ័ណ​ ដែលមានបងប្អូនពលរដ្ឋនិងភ្ញៀវទេសចរឆ្លងកាត់មកចូលរួម​ កម្សាន្តសប្បាយយ៉ាងច្រើន ឬអាចនិយាយថា ក្នុងរយៈពេល៤ថ្ងៃ ក្នុងទូទាំងខេត្តមានសរុបជិត១លាននាក់លើពលរដ្ឋសរុបក្នុងខេត្តមានជាង៨៥ម៉ឺននាក់នោះ។

ពិធីបិទបញ្ចប់​ នៅព្រលប់ងៃទី១៧ខែមេសាឆ្នាំ២០២៥ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកអ៊ុំ​ រាត្រី​ និង​ លោកស្រីជ័យ ណារី និងចូលរួមដោយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីអាជ្ញារ សមត្ថកិច្ច អ្នកពាក់ព័ន្ធជាច្រើន។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា​ ក្រោមម្លប់នៃ​សុខសន្តិភាព ការអភិវឌ្ឍដែលជាសមិទ្ធផលនៃរាជរដ្ឋាភិបាលតាំងពីសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដល់បច្ចុប្បន្នដឹកនាំដោយដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  សម្រាប់ខេត្តនេះ ក្នុងរយៈពេល​ ៤ថ្ងៃ​កន្លង​មកនេះ​ ឃើញថា​ បងប្អូនពលរដ្ឋនិងភ្ញៀវទេសចរឆ្លងកាត់មក​កម្សាន្ត​សប្បាយ​រីករាយ​យ៉ាងក្រៃលែង​ និងច្រើនសន្ធឹកសន្ធាប់។

ក្រៅពីល្បែងប្រជាប្រិយ​ ក៏មានការរាំលេង​ រួមជាមួយ​ការបាញ់ទឹក​ ពពុះសាប៊ូ​ ប៉ាតម្សៅ​ ដោយរបៀបរៀបរយ សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរមិនប៉ះពាល់ទាស់ទែង បង្កបាតុភាពអ្វីឡើយ។ពិសេសជាងនេះទៀត ក៏មានការចូលរួម​ សហការ​ពី​ក្រុមហ៊ុន​Smart  Phone និងបាន​អញ្ជើញ​ តារា​ល្បីៗ​  មកសំដែង​កម្សាន្ត​ផងដែរ។

ក្នុង​ឱកាសនោះផងដែរ​ លោកអ៊ុំ រាត្រី អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ​  សូមវាយតម្លៃខ្ពស់ កោតសរសើរ​ ជូនពរនិងថ្លែងអំណរអរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះកងកម្លាំងគ្រប់ប្រភេទ​  ក៏ដូចជាមន្ត្រីអាជ្ញធរដែនដី សមត្ថកិច្ចគ្រប់មន្ទីរអង្គភាព យុវជនក្រុមការងារនៃអនុគណៈកម្មការពាក់ព័ន្ធទាំងឡាយដែលខិតខំបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំជូនដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីខេត្តបន្ទាយមានជ័យ និងនៅតាមស្រុក មូលដ្ឋាន និងវត្តអារាមនានាទូទាំងខេត្ត ។ហើយនាឆ្នាំ​២០២៦​ រដ្ឋបាលខេត្តនឹងខិតខំរៀបចំឲ្យ​សង្រ្កាន្ត​បន្ទាយមានជ័យ​កាន់តែ​សប្បាយ​រីករាយ​  អធិកអធម​ជាងនេះទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកសូមជូនសព្វសាធុកាពរជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋសូមទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕