សន្ដិសុខសង្គម

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណ:ប្រតិភូសួរសុខទុក្ខពលករខ្មែរត្រឡប់ពីប្រទេសថៃមកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដោយ : ភ្នំធំ

បន្ទាយមានជ័យ :នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០នាទីរសៀលអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពនិងគណ:ប្រតិភូអមដំណើរដែលអញ្ជើញចុះមកសួរសុខទុក្ខពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីលេងកំសាន្តស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ លោកអភិសន្តិបណ្ឌិត និងគណ:ប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រីដែលបច្ចុប្បន្នសម្រេចលទ្ធផលបានប្រហែលជាជាង៧០% និងបានឧបត្ថម្ភនូវអំណោយដ៏ថ្លៃថ្លារបស់លោកផ្ទាល់ ជូនដល់កងកម្លាំងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចំនួន២២៤នាក់ ចុងភៅ០៥នាក់ អ្នកអនាម័យ០៧នាក់ ជាងសំណង់ ៣០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០៛ ទឹកក្រូច០១កេស មី០១កេស និងត្រីខ០១យួរ ។

បន្ទាប់មកលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណ:ប្រតិភូ បានបន្តដំណើរទៅសួរសុខទុក្ខ និងបានចែកនូវវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា នំប៉័ង ទឹកសុទ្ធ ជូនដល់ពលករខ្មែរគ្រប់ៗគ្នា និងបានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន នៅអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។


ក្នុងពិធីសំណេះសំណាលនាពេលនោះ ក៏មានការចូលរួមពីសំណាក់លោក ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ-លោកសាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:-លោក ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍-លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត-លោក អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត-ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍-លោកឧត្ដមសេនីយ៍ប្រធាន-អនុប្រធាននាយកដ្ឋាន-លោកអភិបាលរងខេត្ត-លោកឧត្ដមសេនីយ៍-វរសេនីយ៍-លោកប្រធាន-អនុប្រធានអង្គភាព-លោកនាយ-នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាប់ព្រំដែនថៃ ។

ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានសំណេះសំណាលជាពិសេសជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងពាក់ព័ន្ធក្ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅមុនបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករ បម្រើការងារនៅប្រទេសថៃ អញ្ជើញវិលត្រលប់មកកម្ពុជាវិញដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយក្រុមគ្រួសារ ផងដែរ។

កិច្ចសំណេះសំណាលបានបប្រកបដោយភាពរីករាយរាក់ទាក់ និងស្និទ្ធស្នាលក្រៃលែង ៕