ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ជនជាតិចិនមួយក្រុមទាញកាំភ្លើងខ្លីបាញ់ស៊ីបដបទឹកសុទ្ធ ១៦គ្រាប់សើចលេងសប្បាយបង្កការភ្ញាក់ផ្អើលពេញទីប្រជុំជនស្រុកភ្នំព្រឹក។
ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចតំបន់ព្រំដែនបានបង្ហើបឲ្យដឹងនៅថ្ងៃទី ១២ ខែមេសានេះថា÷ ករណីជនជាតិចិនផ្ទុះកាំភ្លើងបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជិត ៥ ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ នៅក្បែរអូរព្រំដែនកម្ពុជា ថៃ ក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
នៅថ្ងៃកើតហេតុ ជនជាតិចិនខាងលើមានបក្ខពួកប្រមាណមួយរថយន្តបានយកសម្បកដបទឹកសុទ្ធទៅចងជាប់នឹងមែកស្វាយ រួចនាំគ្នាបាញ់ស៊ីបលេងជាការកម្សាន្តសប្បាយដែលមានចម្ងាយពីអូរព្រំដែនកម្ពុជា ថៃ ប្រហែលជាង ៣០០ ម៉ែត្រ។
ក្រុមជនជាតិចិនដដែលនេះបានជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ស។ ក្រោយផ្ទុះអាវុធបានចាកចេញបាត់ពីទីតាំងបង្កភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យរកឃើញសម្បកគ្រាប់កាំភ្លើងប្រភេទឡុកចំនួន ១៦ គ្រាប់។
ចំពោះមុខ កម្លាំងជំនាញកំពុងស្រាវជ្រាវរកជនបង្កដើម្បីអនុវត្តតាមនីតិវិធី៕
