កីឡា

De Bruyne ជួយឲ្យ Man City ត្រឡប់មកវិញដើម្បីយកឈ្នះ Crystal Palace ៥-២

ប្រែសម្រួល៖តារា

ម៉ែនឆេស្ទើរ, អង់គ្លេស៖ Kevin de Bruyne បានជួយក្រុម Manchester City ធ្វើការត្រឡប់មកវិញយ៉ាងអស្ចារ្យពីការនាំមុខ ២-០ ដោយរូបគេបានស៊ុតបញ្ចូលទីមួយគ្រាប់ និងជួយបង្កើតឱកាសស៊ុតបញ្ចូលទីពីរគ្រាប់ផ្សេងទៀត ក្នុងការឈ្នះយ៉ាងច្បាស់លើក្រុម Crystal Palace ៥-២ ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍។

ក្រុម City បានបញ្ចប់ជ័យជម្នះ ៨ ប្រកួតជាប់គ្នារបស់ក្រុម Palace ដែលឋិតនៅលំដាប់ទី១១ ក្នុងការប្រកួតគ្រប់ក្របខណ្ឌ ដោយក្រុម City ឡើងទៅលំដាប់ទី៤ ក្នុងតារាងពិន្ទុ ដោយនាំមុខក្រុម Chelsea និង Newcastle United ពីរពិន្ទុ ដែលក្រុមទាំងពីរនោះបានលេងតិចប្រកួតជាង។

De Bruyne ដែលត្រៀមចាកចេញពីក្លឹប City នៅរដូវក្ដៅខាងមុខនេះ បន្ទាប់ពីបម្រើក្លឹបអស់រយៈពេល ១០ ឆ្នាំ បាននិយាយថា គាត់ចង់ជួយក្រុមធានាបាននូវកៅអីមួយនៅក្នុងការប្រកួត Champions League។

“យើងបានចូលរួមក្នុងការប្រកួត Champions League អស់រយៈពេល ៩, ១០ ឆ្នាំដែលខ្ញុំមកនៅទីនេះ ដូច្នេះខ្ញុំសង្ឃឹមថាយើងអាចធ្វើបែបនោះសម្រាប់ក្រុមនៅឆ្នាំក្រោយ ហើយខ្ញុំនឹងខិតខំលេងបាល់ល្អដូចដែលខ្ញុំធ្លាប់ធ្វើកន្លងមក” កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានប្រាប់ទៅកាន់ BBC។

កំហុសបានធ្វើឱ្យក្រុម City រងគ្រោះ ដោយក្រុម Palace បានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុង ២១ នាទីដំបូង ដោយ Eberechi Eze បានផ្ដល់ការនាំមុខឱ្យក្រុមភ្ញៀវនៅនាទីទី៨ តាមរយៈការបញ្ជូនពី Ismaila Sarr ដែលបានគេចផុតពីការរំអិលខ្លួនរបស់ Josko Gvardiol និងរកឃើញ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស។

Eze ដែលគ្មាននរណាម្នាក់គ្រប់គ្រងបានវាយបាល់រំលងអ្នកចាំទី Ederson ដែលឈរខុសទីតាំង ដើម្បីស៊ុតបញ្ចូលទីគ្រាប់ទី ៣ របស់គេក្នុងរដូវកាលនេះក្នុងក្របខណ្ឌ Premier League។

គ្រាប់បាល់កែងដ៏ល្អឥតខ្ចោះរបស់ Adam Wharton បានបណ្ដាលឱ្យក្រុម Palace រកបានគ្រាប់ទីពីរ ១៣ នាទីក្រោយមក ដោយ Chris Richards បានក្បាល់បញ្ចូលទីពីចម្ងាយជិត។

Eze បានស៊ុតបញ្ចូលទីម្ដងទៀតនៅនាទីទី ២៩ ប៉ុន្តែបច្ចេកវិទ្យា semi-automatic offside ដែលបានធ្វើការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួត Premier League នេះ បានកំណត់ថាគេស្ថិតក្នុងជំហរអសកម្ម (offside)។

  • រយៈពេលខ្លី

ក្តីសង្ឃឹមរបស់ក្រុម Palace បានបង្ហាញថាមានរយៈពេលខ្លី ដោយក្រុម City ដែលដឹកនាំដោយប្រធានក្រុម De Bruyne ដែលបានវាយបក្បោះប៉ះបង្គោលបែកមកមុននោះ បានចាប់ផ្ដើមធ្វើការត្រឡប់មកវិញរបស់ក្រុមម្ចាស់ផ្ទះបន្តិចបន្ទាប់ពីផុតម៉ោង ៣០ នាទី។

ដោយ Daichi Kamada បានទាញដួល Nico Gonzalez ចម្ងាយ ២៥ យ៉ាតពីទី De Bruyne បានផ្ដល់ការទាត់ Free kick ដ៏ប្រកដនិយមជាមួយជើងស្ដាំរបស់គាត់ដែលបានឆ្លងកាត់ចន្លោះនៅក្នុងរបាំងមនុស្សដែលបាន​បង្កើតឡើងដោយ Ruben Dias និង Gonzalez ដែលបានឱនចុះ។

ក្រុម City បានតាមស្មើវិញបីនាទីក្រោយមក នៅពេលដែលការបញ្ជូនពី James McAtee ចូលទៅក្នុងប្រអប់ទោសបានឈានដល់ De Bruyne ដែលបានព្យាយាមរៀបចំឱ្យ Gundogan ដើម្បីស៊ុតបញ្ចូលទីពីចម្ងាយជិត ប៉ុន្តែកីឡាករជនជាតិអាល្លឺម៉ង់រូបនេះបានស៊ុតខុសពេលវេលា ហើយបាល់បានទៅដល់ Omar Marmoush ដែលមិនបានធ្វើឱ្យខកខាន។

ក្រុមម្ចាស់ផ្ទះបានបន្តឈ្នះ ដោយស៊ុតបញ្ចូលទីបាន ៨០ វិនាទីក្នុងវគ្គទីពីរ ជាមួយនឹង De Bruyne ដែលបានបញ្ជូនការបញ្ជូនខ្លីរបស់ Nico O’Reilly ពីក្នុងប្រអប់ទោសទៅឱ្យ Mateo Kovacic ដែលកំពុងរត់ចូលមក ដែលបានស៊ុតបញ្ចូលទីពីគែមប្រអប់ទោស។

៩ នាទីក្រោយមក បាល់វែងរបស់អ្នកចាំទីក្រុម City Ederson បានធ្វើឱ្យការពារក្រុម Palace ភ្ញាក់ផ្អើល នៅពេលដែល McAtee បានឆ្លងកាត់អន្ទាក់ offside របស់ពួកគេ ជាមួយនឹងការរត់ចូលប្រអប់ទោសបានយ៉ាងល្អឥតខ្ចោះ ដែលនៅទីនោះគេបានប្រកបបាល់ហួស Henderson ដើម្បីនាំបាល់ចូលទីទទេ។

Ederson បានក្លាយជាអ្នកចាំទីដំបូងគេក្នុងក្របខណ្ឌ Premier League ដែលកត់ត្រាបាន ៤ assists ក្នុងរដូវកាលតែមួយ។

“អ្នកគ្រប់គ្នាបានត្រៀមខ្លួនសម្រាប់ការប្រកួត ហើយយើងចង់បង្ហាញពីចំណុចដែលយើងប្ដេជ្ញាចិត្ត និងចង់បញ្ចប់នៅក្នុងកៅអី Champions League” McAtee បានប្រាប់ទៅកាន់ TNT Sports។

O’Reilly បានបញ្ចប់ការយកឈ្នះដោយស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេក្នុងក្របខណ្ឌ Premier League សម្រាប់ក្រុម City នៅនាទីទី ៧៩ នៅពេលដែលការប៉ុនប៉ងទប់ស្កាត់ការបញ្ជូនរបស់ McAtee របស់ Richards បានឈានដល់កីឡាករវ័យ ២០ ឆ្នាំរូបនេះ ដែលការស៊ុតរបស់គេបានប៉ះបែរទិស ក្នុងផ្លូវចូលទៅក្នុងសំណាញ់ទី។

ក្រុម City ដែលមិនបានចាញ់ក្នុងប្រកួតលីគចុងក្រោយរបស់ពួកគេចំនួន ៤ ប្រកួត នឹងទៅលេងជាមួយក្រុម Everton នៅថ្ងៃសៅរ៍ក្រោយ ខណៈដែលក្រុម Palace នឹងធ្វើដំណើរទៅកាន់ Newcastle នៅថ្ងៃពុធ៕

ប្រភព៖ Reuters