ដោយៈសុខុម
ស្ទឹងត្រែងៈ ម្ចាស់សម្លេងទឹកដមដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗបានដិតជាប់ក្នុងក្រអៅបេះដូងមនុស្សគ្រប់វ័យស្តាប់ពេលនេះអាជ្ញាធរចាប់ផ្តើមសង់រូបសំណាករបស់គាត់នៅខេត្តស្ទឹងត្រែង។

ឯកឧត្តម សរ សុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ប្រាប់Cambodia Flash News(CFN)ថាផ្តើមគំនិតសាងសង់នូវរូបសំណាកអធិរាជសម្លេងមាសឡើងគឺដើម្បីរំលឹកដល់ម្ចាស់សម្លេងដែលល្បីរន្ទឺតាំងពីដំណាក់កាលមុនមកដល់បច្ចុប្បន្ន។លោកអភិបាលខេត្តយល់ឃើញថា ការសង់រូបគាត់ឡើងក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងផងដែរ។
លោកអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍បន្តទៀតថា ការសាងសង់រូបសំណាកម្ចាស់សម្លេងមាស ស៊ីន ស៊ីសាមុតក៏ជាការផ្សព្វផ្សាយទេសចរណ៍ផង។ម្យ៉ាងទៀតគាត់គឺជាវីរបុរសសំនៀងពិរោះរបស់កម្ពុជាយើង។
រីឯលោកអ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងយល់ឃើញថាការកសាងរូបសំណាកតាស៊ីនស៊ីមុតលើទឹកដីស្រុកកំណើតគឺជាការគោរពដឹងគុណរបស់អ្នកជំនាន់ក្រោយហើយក៏បានផ្សព្វទេសចរណ៍តាមរយះភ្ញៀវ។
លោកប្រធានមន្ទីររំពឹងទុកយ៉ាងមុតមាំថា នៅពេលរូបសាងសង់ រួចរាល់ហើយនោះភ្ញៀវ ដែលបានមកដល់ខេត្តស្ទឹងត្រែង នឹងចូលទៅផ្តិតរូបភាពដើម្បីផ្សព្វផ្សាយបន្តកាន់តែល្បីល្បាញពេលមកដល់ខេត្តស្ទឹងត្រែង នឹកដល់លោកតាស៊ីនស៊ីសាមុត។
លោកប្រធានមន្ទីរបាននិយាយបន្តទៀតថាទីតាំងជុំវិញ បរិវេន របស់គាត់នឹងរំលេចពណ៍ទេសភាពស្អាតៗឱ្យកាន់តែមានភាពទាក់ទាញ ការចាប់អារម្មណ៍ពីភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា។ទីតាំងបានភ្ជាប់ជាមួយទេសភាពមានទន្លេនិងស្ពានសេកុងក្នុងក្រុងស្ទឹងត្រែងដ៏ទាក់ទាញនាពេលដ៏ឆាប់ខាងមុខ។
ប្រវត្តិខ្លះៗ លោក ស៊ីន ស៊ីសាមុតកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣។ លោកគឺជា អ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរ ដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ មានរហស្សនាមថា អធិរាជ សម្លេងមាស ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ។
លោក “ស៊ីន ស៊ីសាមុត” ទទួលមរណៈភាព ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។ លោក មានបទចម្រៀងសរុប ១,២០០ បទ ក្នុងចំណោមបទចម្រៀងទាំងនោះ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនចំនួនជាង ៥០០បទ៕
