អន្តរជាតិ

ប្រធានាធិបតីចិន ស៊ី ជីនភីង នឹងមកទស្សនកិច្ចនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ទី១៨ ខែមេសា

ប្រែសម្រួល៖ ស-សម្បត្តិ

ប៉េកាំង៖ ប្រធានាធិបតីចិន ស៊ី ជីនភីង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (ថ្ងៃទី១៤ ដល់ទី១៨ ខែមេសា) នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន។

លោក ស៊ី នឹងស្ថិតនៅវៀតណាមពីថ្ងៃទី១៤ ដល់ទី១៥ ខែមេសា តាមការអញ្ជើញរបស់លោក តូ ឡាម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងប្រធានាធិបតីវៀតណាម លោក លួង ក្វង។

បន្ទាប់មក លោកនឹងទៅទស្សនាប្រទេសម៉ាឡេស៊ី និងកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៨ ខែមេសា តាមការអញ្ជើញរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ស៊ុលតង់ អ៊ីប្រាហ៊ីម និងព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលកាសែត Xinhua បានរាយការណ៍។

ដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ទាំងបីប្រទេសនេះ កើតឡើងក្នុងពេលដែលសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកំពុងរីករាលដាល និងក្រោយពីការប្តេជ្ញានាសប្តាហ៍នេះ ដើម្បីពង្រឹងចំណងយុទ្ធសាស្ត្រជាមួយប្រទេសជិតខាងតាមរយៈការគ្រប់គ្រង “ដោយសមរម្យ” នូវភាពខុសគ្នា និងការពង្រឹងទំនាក់ទំនងខ្សែចង្វាក់ផ្គត់ផ្គង់។

ប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រ (ថ្ងៃទី១១ ខែមេសា) ថា ខ្លួននឹងដំឡើងពន្ធលើទំនិញអាមេរិកទៅដល់ ១២៥ ភាគរយ – ឡើងពី ៨៤ ភាគរយ – ចាប់ពីថ្ងៃសៅរ៍។

វាជាការឆ្លើយតបទៅនឹងការដែលវ៉ាស៊ីនតោនបានដំឡើងពន្ធលើការនាំចូលភាគច្រើនពីចិនដល់ ១៤៥ ភាគរយ ដែលកើនឡើងពី ១០៤ ភាគរយ ទោះបីជាក្នុងពេលជាមួយគ្នា វ៉ាស៊ីនតោនបានប្រកាសពីការផ្អាករយៈពេល ៩០ ថ្ងៃ លើពន្ធ “ដូចគ្នា” លើដៃគូពាណិជ្ជកម្មសំខាន់ៗស្ទើរទាំងអស់។

សហរដ្ឋអាមេរិកបានដាក់ពន្ធដូចគ្នាចំនួន ៤៩ ភាគរយលើកម្ពុជា ៤៦ ភាគរយលើវៀតណាម និង ២៤ ភាគរយលើម៉ាឡេស៊ី។

អ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី មានគោលបំណងពង្រឹងទំនាក់ទំនងក្នុងតំបន់ ខណៈដែលកសាងកិត្តិនាមរបស់ប៉េកាំងថាជាដៃគូសេដ្ឋកិច្ចដែលអាចទុកចិត្តបាន។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិយាយថា ខ្លួននឹងមិនចាត់វិធានការតបតទៅនឹងពន្ធរបស់សហរដ្ឋអាមេរិកទេ បន្ទាប់ពីរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសមាជិកទាំង ១០ បានជួបប្រជុំគ្នានៅថ្ងៃទី១០ ខែមេសា។

“ជំហរដែលកាន់តែរឹងមាំ” របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រឆាំងនឹងចិនក្នុងសង្គ្រាមពន្ធ “បង្កជាបញ្ហា” សម្រាប់ប្រទេសអាស៊ាន ដោយសារវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ នេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម ដែលប្រទេសរបស់លោកកំពុងធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។

សមាជិកអាស៊ានត្រូវការទំនាក់ទំនងទ្វេភាគីល្អ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ខណៈដែលត្រូវធានាថាទំនាក់ទំនងជាមួយប្រទេសជិតខាង រួមទាំងចិន នៅតែ “រឹងមាំនិងល្អប្រសើរ” លោកបាននិយាយ។

លោកបានទទួលស្គាល់ថា វានឹងជា “បញ្ហាប្រឈមសំខាន់” ក្នុងការរក្សាតុល្យភាពនេះ និងភាពជាស្នូលរបស់អាស៊ាន ជាពិសេសជាមួយនឹងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ស៊ី៕

ប្រភព៖ CNA/cc