ដោយ៖សហការី

ភ្នំពេញ៖ យុវជនម្នាក់ពេលថ្ងៃជានិស្សិត ពេលយប់ធ្វើការជាសន្តិសុខ ក្រោយចប់ម៉ោងធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញជ្រុលបុកទ្រូងផ្លូវបណ្ដាលឲ្យដួលស្លា.ប់ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្បែរស្តុបអាងទឹកអូឡាំពិក លើកំណាត់ផ្លូវលេខ២១៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលលក់បន្លែនៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញយុវជនខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-7720 ធ្វើដំណើរតាមវិថីព្រះសីហនុ ទិសដៅពីត្បូងទៅជើង ។លុះមកដល់ស្តុបអាងទឹកអូឡាំពិក បានបត់ឆ្វេង តែជាអកុសលបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលម៉ូតូខ្ទាតជាច្រើនម៉ែត្រស្លាប់តែម្តង ។
បើតាមប្រភពពីអ្នកស្គាល់គ្នាបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ លន់ឌី ភេទប្រុស អាយុប្រមាណ២០ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នរស់នៅម្តុំលូ៥ ខណ្ឌមានជ័យ ។ យុវជនខាងលើជានិស្សិតឆ្នាំទី១ ដោយពេលយប់ធ្វើការជាសន្តិសុខ លុះចប់ម៉ោងធ្វើការក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅលូ៥ តែអកុសលតាមផ្លូវបែរជាជួបគ្រោះថ្នាក់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងបានឲ្យអ្នកស្គាល់គ្នាជាមួយសពយុវជនខាងលើទាក់ទងទៅកាន់បងប្រុសរបស់សព ដើម្បីធ្វើដំណើរមកកាន់ទីតាំងកើតហេតុទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
