សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាមទៅតុលាការខេត្តស្ទឹងត្រែង 

ដោយ:សុខុម

ស្ទឹងត្រែង៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២៥ថា មន្ត្រីជំនាញបានកសាងសំណុំរឿងករណីជួញដូរគ្រឿងញៀនមានជនសង្ស័យចំនួន២នាក់និងថ្នាំញៀនជាង៤៧គីឡូក្រាមទៅតុលាការ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០និង៤៨នាទី កម្លាំងជំនាញក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមានឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ យូ គ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងរឹបអូសបានសារធាតុញៀនជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូ ២៣២ក្រាម។

ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងតាមនីតិវិធី៕