ដោយ៖ សុខុម

កណ្តាល៖ សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី៩មេសានេះថា ករណីបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងដេញបុកអ្នកជិះម៉ូតូ កាលពីយប់ថ្ងៃទី៨ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង ២ សង្កាត់ ក្រុងតាខ្មៅ ខេត្តកណ្ដាលនោះ ពេលនេះខាងមន្រ្តីជំនាញកំពុងកសាងសំណុំរឿ់ងបញ្ជូនទៅតុលាការ។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាលបានឱ្យអ្នកសារព័ត៌មានដឹងថា៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សែម វិចទ័រ អាយុ ៣៨ ឆ្នាំ ដែលជាអ្នកបើកបររថយន្ត។
តាមការចុះពិនិត្យនិងសាកសួរជុំវិញរឿងនេះ ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតដោយបើករថយន្តដេញបំបុកជនរងគ្រោះ មិនមែនករណីគ្រោះថ្នាក់ចរាចរណ៍ឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ អ្នកបើកបររថយន្ត ឈ្មោះសែម វិចទ័រ បានផឹកគ្រឿងស្រវឹងល្មើសច្បាប់កំណត់ ។ ឈ្មោះសែម វិចទ័រ បាននិយាយប្រាប់ប៉ូលិសថា មុនពេលកើតហេតុ ខ្លួនបើករថយន្តពីស្តុបស្ពានព្រែកហូរឆ្ពោះទៅទិសខាងកើតជិតដល់ស្តុបកាកបាទក្រហមខេត្តកណ្ដាល។ ពេលកំពុងធ្វើដំណើរតាមដងផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា ២នាក់ បានគោះឡានរបស់ខ្លួន។ ភ្លាមនោះខ្លួនខឹងក៏បើករថយន្តដេញបំបុកអ្នកជិះម៉ូតូមានគ្នាពីរនាក់តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់នៅត្រឹមថ្ងៃទី៩មេសានេះថា ជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។ឯអ្នកបើកបររថយន្តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា។ករណីនេះទុកឱ្យតុលាការជាអ្នកសម្រេចបន្ត៕
