ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមអំពាវនាវឱ្យចូលរួមទទួលទានលៀសហាលទម្ងន់បីតោនដោយសេរីនាថ្ងៃទី២នៃសង្រ្កាន្តកំពង់ចាម

ដោយ៖ គង់ហេង

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទទួលទានលៀសហាលទម្ងន់ បី តោន ដែលរដ្ឋបាលខេត្តនេះគ្រោងរៀបចំដាក់បង្ហាញលើទីតាំងចម្ងាយ ១.០០០ ម៉ែត្រ តាមដងផ្លូវខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម នៅថ្ងៃទី២ នៃសង្រ្កាន្តកំពង់ចាម(ចូលឆ្នាំខ្មែរកំពង់ចាម)។ ការអំពាវនាវនេះ ឯកឧត្តមអភិបាលខេត្តនៅក្នុងសំណេរផេកហ្វេសបុករបស់ឯកឧត្តមនាថ្ងៃទី ៧ មេសា។

អមដោយរូបថតមួយសន្លឹកដែលឯកឧត្តមកំពុងឈរខាំបកលៀសនៅខាងមុខរានហាលលៀសលក់មួយកន្លែង ឯកឧត្តមបានបញ្ជាក់ក្នុងសំណេរដើមថា៖«រដ្ឋបាលខេត្តកំពង់ចាមសម្រេចបង្កើតព្រឹត្តិការណ៍ ដាក់បង្ហាញលៀសហាលកំពង់ចាម  ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម។ សូមអញ្ជើញបងប្អូន ពូមីងបរិភោគដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តើមពីម៉ោង ១៤:៣០នាទីរសៀលតទៅ។ សូមបញ្ជាក់អត្ថន័យលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នេះដូចខាងក្រោម៖ អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖ ១. លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។   ២. សហស្សគុណ = មានគុណភាពច្រើន។ ឧទាហរណ៍:  ថ្នាំសហស្សគុណ= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគបានច្រើនមុខ។  ៣. សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ»។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមដែលធ្លាប់ជាសាស្រ្តាចារ្យបង្រៀនភាសាខ្មែរ និងគីមីវិទ្យាផងនោះបានបញ្ជាក់បន្តថា៖ «អត្ថន័យ នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ ៖  ១. គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។២. លៀសហាល ជាអាហារ មួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។ អត្ថន័យ នៅក្នុងការដឹកនាំ ៖   ១. មានការចូលរួមយ៉ាងច្រើនលើសលប់។  ២. សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ។  ដែលខ្សែទី១ ជាចំណងឯកភាព និងខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រើន រុងរឿងរាប់ពាន់ឆ្នាំ»៕