សន្ដិសុខសង្គម

រថយន្តបុកម៉ូតូបណ្តាលឱ្យបាត់បង់ជីវិតពីរនាក់ម្តាយកូន

ដោយ៖សុខុម

ស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបុកពីក្រោយម៉ូតូ កាលពីម៉ោង៣ល្ងាចថ្ងៃទី៧ ខែមេសាឆ្នាំ២០២៥ នៅម្តុំក្បែរផ្លូវបំបែកគីឡូ២ភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង បណ្តាលឱ្យស្រ្តីម្នាក់និងកូនស្រីបាត់បង់ជីវិត។


អ្នកឃើញហេតុការណ៍នោះបាននិយាយថា៖ នៅពេលកើតហេតុភ្លាម អ្នកបើកបររថយន្តបានរត់គេចខ្លួន។ចំណែកជនរងគ្រោះពីរនាក់ម្តាយកូនត្រូវបានគេជួយសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងតែក្រោយមកក៏បានស្លាប់។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនរងគ្រោះមានឈ្មោះ សាឌី ផល្លា អាយុ៤១ឆ្នាំ និងកូនស្រីឈ្មោះ វណ្ណី មុនីនីតា អាយុ៦ឆ្នាំ រស់នៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក។

ករណីនេះមហាជនកំពុងស្តីបន្ទោសដាក់អ្នកបើកបររថយន្តដែលបានបង្កឱ្យមានគ្រោះថ្នាក់កើតឡើង មានមនុស្សស្លាប់ដល់ទៅពីរនាក់ ហើយមិនទទួលខុសត្រូវចំពោះមុខច្បាប់ក្រោយពីឃើញវីដេអូបង្ហោះចែកចាយនូវរូបភាពរថយន្តបុកពីក្រោយម៉ូតូកំពុងជិះស្របគ្នា ហើយរូបភាពនេះត្រូវបានគេយកទៅចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក។ទាមទារស្នើសុំដល់សមត្ថកិច្ចជួយរកយុត្តិធម៌ដល់គ្រួសារជនរងគ្រោះ៕