ព័ត៌មានជាតិ

ពលករខ្មែរធ្វើដំណើរវិលត្រឡប់ចូលស្រុកកំណើតដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំថ្មី

ដោយ៖ ឧត្តរ

ឧត្តរមានជ័យ៖ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥នេះ ពលករជនជាតិខ្មែរដែលធ្វើការរស់នៅប្រទេសថៃ បានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញយ៉ាងគគ្រឹកគគ្រេង ដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាមរយៈច្រកអន្តរជាតិអូរស្មាច់ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ភាពរលូនដំណើរត្រឡប់មកនៃពលករខ្មែរទាំងនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងម៉ឺងម៉ាត់ និងរហ័សរហួនពីអាជ្ញាធរខេត្តឧត្តរមានជ័យ ដោយឯកសារចេញចូលត្រូវបានពិនិត្យនិងដោះស្រាយយ៉ាងរហ័ស ដើម្បីផ្តល់ភាពងាយស្រួល និងសន្ដិសុខដល់ពលករទាំងអស់។

ដំណើរការនេះធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្ត និងក្រុមការងារ ដែលធ្វើមុខងារជាតំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ ការចូលរួមសកម្មរបស់អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ពីការថែរក្សាប្រយោជន៍ និងសិទ្ធិរបស់ពលករខ្មែរ និងជួយជំរុញឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរីករាយបែបសន្តិភាព៕