សុខភាព

វិធីសាស្ត្រដើម្បីព្យាបាលជំងឺឫសដូងបាត!

ជំងឺឫសដូងបាតគឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។ គេសង្កេតឃើញថា ជំងឺឬសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហា ផ្នែកក្រសាលគូថ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តទៅជា ជំងឺមហារីកបាននោះទេ។

  • ជំងឺឫសដូងបាតមាន ២ប្រភេទគឺ៖

– ឫសដូងបាតក្រៅៈ ជាជំងឺដែលកើតឡើងលើសរសៃឈាម ឫសដូងបាតនៅខាងក្រៅរន្ធគូថ

– ឫសដូងបាតក្នុងៈ ជាជំងឺដែលកើតឡើងលើសរសៃឈាម ឬសដូងបាតខាងក្នុងរន្ធគូថ

  • តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឬសដូងបាត?

ក) ចំពោះបញ្ហាឫសដូងបាតខាងក្រៅ៖

អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេល ជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សំរាប់លាប លើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណក ឈាមនៃឬសដូងក្រៅនោះចេញ បើសិនជាដុំឬសដូងបាត ក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបាន ធូរស្បើយពីការឈឺចាប់ភ្លាមៗ។

ខ) ចំពោះបញ្ហាឫសដូងបាតក្នុង៖

ការព្យាបាលចម្បងគឺការព្យាបាលទៅលើបញ្ហាបន្ទោបង់ លាមកមានដូចជាការទល់លាមកឬការរាគ។ មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាត មានដូចជាៈ

– ការដុតកំដៅ (Infrarouge photocoagulation)

– ការចាក់ (Sclérothérapie)

– ការចង (Ligature)

ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើ ដំណាក់កាលរបស់រោគសញ្ញាឫសដូងបាតៈ

  • ដំណាក់កាលទី ១ : អាចព្យាបាលដោយការដុតកំដៅឬ ការចាក់
  • ដំណាក់កាលទី ២ និងទី៣ : អាចព្យាបាលដោយការចង
  • ចំពោះការវះកាត់ឬសដូងបាត គឺធ្វើឡើងចំពោះឬសដូងបាតនៅកម្រិតទី ៤ ឬ ឫសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។

* បញ្ជាក់៖ ជំងឺឫសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វា គ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយ គ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាពិតជាជំងឺឫសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាល ឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយ ព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬ អាចស្នៀតក្រសាលគូថដែលជាបញ្ហាធ្ងន់ធ្ងរ។

“ ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហ័ស” ៕

ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត