ដោយៈសិរីមតី
ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជទីមួយបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាសាធារណៈនៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ស្តីពី ការអនុវត្តកម្មវិធីគម្រោង “លុយខ្ញុំស្អាត”។

ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាព របស់ ឯកឧត្តម អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់គ្រប់គ្រង និងសហការីរបស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារ អេស៊ីលីដា។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ការអនុវត្តកម្មវិធីគម្រោង “លុយខ្ញុំស្អាត”។ ចំណុចត្រង់នេះ លោកបណ្ឌិត បានលើកឡើងថា៖អនុស្សរណៈនៃការយោគយល់គ្នារនេះ គឺស្របតាមទស្សនៈ និងបេសកកម្មរបស់ធនាគារ អេស៊ីលីដា ” ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។
លោកបណ្ឌិត បានមានប្រសាសន៍ទៀតថា៖ ធនាគារ អេស៊ីលីដា ភីអិលស៊ីផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព ដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវ គោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព។
លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា៖ « អនុស្សរណៈនៃការយោគយល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ស្របតាមច្បាប់ និងបទបទប្បញ្ញត្តិពាក់ព័ន្ធ នៃធនាគារ និងហិរញ្ញវត្ថុ ដែលគោលការណ៍ច្បាប់ឥស្លាម(ច្បាប់សារីអះ) អាចអនុលោមតាមបាន ព្រមទាំងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានបន្ទុកការប្រាក់ RIBA។ ភាពជាដៃគូនេះ ក៏បានផ្តល់ជូននូវមធ្យោបាយហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងសុវត្ថិភាព ទៅតាមគោលការណ៍នៃកម្មវិធីគម្រោង “លុយខ្ញុំស្អាត” ឬ RIBA Clearance (Wealth Purification Program) របស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរឥស្លាមអាចដាក់ប្រាក់សន្សំ គម្រោង “លុយខ្ញុំស្អាត” ឬ RIBA ការប្រាក់ត្រូវទទួលបាននឹងបរិច្ចាគដោយស្ម័គ្រចិត្ត នឹងកាត់ចេញដោយស្វ័យប្រវត្តិចូលទៅគណនីCATAដែលមាននៅធនាគារអេស៊ីលីដាសម្រាប់កម្មវិធីគម្រោង “លុយខ្ញុំស្អាត” សម្រាប់ប្រើប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា។”
ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានជំរុញនិងអំពាវនាវឱ្យបងប្អូនខ្មែរ-ឥស្លាមនៅក្នុងប្រទេសកម្ពុជាប្រើប្រាស់សេវាហិរញ្ញវត្ថុធនាគារ ដោយបង្កើតគណនីធនាគារ និងទុកដាក់ប្រាក់របស់ខ្លួននៅក្នុងធនាគារ ដើម្បីការពារទ្រព្យសម្បត្តិដែលខ្លួនខិតខំរកជាច្រើននោះ ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា នៅក្នុងប្រទេសកម្ពុជា មានបងប្អូនខ្មែរ-ឥស្លាមប្រមាណជាង៨០ម៉ឺននាក់ ហើយដោយសារតែពួកគាត់ប្រកាន់ខ្ជាប់នូវច្បាប់របស់ឥស្លាម ទើបពួកគាត់មិនប្រើប្រាស់នូវសេវាហិរញ្ញវត្ថុរបស់ធនាគារ ដូចនឹងបងប្អូនពលរដ្ឋខ្មែរយើង ដូច្នេះហើយទើបសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានរិះរកវិធីធ្វើយ៉ាងណាឱ្យបងប្អូនខ្មែរ ឥស្លាម អាចទទួលសេវាដូចប្រជាពលរដ្ឋទូទៅដូចប្រជាពលរដ្ឋកម្ពុជាដែរ ។
ឯកឧត្តមឧកញ៉ាបណ្ឌិតបានលើកឡើងថាចាប់ពីពេលនេះតទៅ ពោលគឺក្រោយពីសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានចុះហត្ថលេខាជាមួយធនាគារអេស៊ីលីដាភីអិលស៊ី បងប្អូនខ្មែរឥស្លាម អាចបង្កើតគណនីធនាគារនិងប្រើប្រាស់សេវាធនាគារដូចពលរដ្ឋខ្មែរទូទៅ និងស្របតាមច្បាប់របស់ឥស្លាមផងដែរ ។ កន្លងមកយើងឃើញថាពលរដ្ឋខ្មែរឥស្លាម ដែលរងគ្រោះដោយសារឧបទ្ទវហេតុដូចជាភ្លើងឆេះផ្ទះជាដើម យើងឃើញព័ត៌មានចុះផ្សាយថាពួកគាត់បាត់បង់លុយរាប់ម៉ឺនដុល្លារ រាប់លានរៀល ឬទ្រព្យសម្បត្តិជាច្រើនទៀត ក៏ប៉ុន្តែចាប់ពីពេលនេះពួកគាត់អាចទុកដាក់លុយឬទ្រព្យសម្បត្តិរបស់ពួកគាត់ក្នុងធនាគារ នឹងអាចការពារទ្រព្យសម្បត្តិរបស់ពួកគាត់បាន ហើយការប្រាក់ដែលទទួលបានពីធនាគារក៏នឹងចូលទៅក្នុងគណនីរបស់សមាគមអាម៉ាណះ តាកហ្វុលដែលអាចយកទៅកសាងសមិទ្ធផលជួយសង្គមបានច្រើនទៀតផងដែរ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានឱ្យដឹងថា៖ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៥,៥២លាននាក់។ ធនាគារអេស៊ីលីដាមានដៃគូអាជីវកម្មសរុបច្រើនជាង ០,៥៥លានដៃគូនិងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេបសរុបចំនួនជាង៤,៥៤លាននាក់៕
