ដោយ៖សហការី

ភ្នំពេញ: ក្មេងស្ទាវមួយក្រុមប្រដាប់ទៅដោយបំពង់ទីបនិងខ្សែក្រវាត់ជិះម៉ូតូជាច្រើនគ្រឿងមកធ្វើសកម្មភាពព្រួតវាយទៅលើក្មេងស្ទាវ១ក្រុមទៀតដែលកំពុងតែលេងប៉ាតម្សៅបាញ់ទឹកច្រៀងរាំមិនដឹងខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្សារ វីតាមីន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា នៅមុនពេលដែលកើតហេតុ ខណៈពួកក្មេងរងគ្រោះ១ក្រុមកំពុងតែនាំគ្នាលេងប៉ាតម្សៅ បាញ់ទឹកនិងច្រៀងរាំជាមួយនឹងពលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើសប្បាយសុខៗ ស្រាប់តែលេចមុខក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូជិត១០រឿងមានគ្នាជាច្រើននាក់ប្រដាប់ទៅដោយបំពង់ទីបនិងខ្សែក្រវាត់ ព្រមទាំងមួកសុវត្ថិភាពបានមកធ្វើសកម្មភាពព្រួតវាយមកលើក្មេងរងគ្រោះយ៉ាងចាស់ដៃ។
នៅក្នុងហេតុការណ៍នោះដែរដោយវាយគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពលរដ្ឋឃើញដូចច្នេះក៏នាំគ្នាជួយខាងក្មេងរងគ្រោះព្រួតវាយបកទៅខាងទំនើងទាំងនោះរហូតខាងក្រុមបង្កភ័យនាំគ្នារត់គេចខ្លួនទៅបាត់អស់ចោលម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់២០១៨ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង1M-3180 នៅកន្លែងកើតហេតុ។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំជុំវិញហេតុការណ៍ខាងលើ ដោយមានអ្នករងរបួសស្រាលម្នាក់ រួចខាងសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ផងដែរ។
ក្រោយកើតហេតុ ខាងកងកម្លាំងអន្តរាគមន៍សហការជាមួយកងកម្លាំងមូលដ្ឋានចុះទៅយកម៉ូតូជនសង្ស័យខាងលើទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរង់ចាំស្រាវជ្រាវរកបក្ខពួកក្រុមជនបង្កមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
