ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមស្នើឱ្យកងទ័ពរក្សាខ្សែបន្ទាត់ព្រំដែនហើយនឹងប្រែក្លាយជាព្រំដែនសន្តិភាព

ដោយ៖ គង់ហេង
ឧត្តរមានជ័យ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើឱ្យកងកម្លាំងជួរមុខ នៃកងពលតូចអន្តរាគមន៍លេខ៦ នៅតំបន់ព្រំដែន ក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ ជួយថែរក្សាខ្សែបន្ទាត់ព្រំដែន ពោលគឺធ្វើយ៉ាងណាប្រែក្លាយជាព្រំដែនសន្តិភាព និងមិត្តភាព។

ការស្នើរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបាន ដឹកនាំប្រតិភូចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី ៥ មេសានេះ។

ឯកឧត្តមបានថ្លែងថា៖ សូមលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ដែលបានអនុវត្តន៍បទបញ្ជាបានល្អ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺយើងធ្វើម៉េចថែរក្សាខ្សែបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ ហើយនឹងប្រែក្លាយព្រំដែនដែលធ្លាប់តែមានសង្គ្រាម ស្នូរសំឡេងគ្រាប់កាំភ្លើង ក្លិនរំសេវ ឱ្យទៅជាកន្លែងបង្កើត អាជីវកម្ម កន្លែងសប្បាយ ទេសចរណ៍ កន្លែងដែលមានការទំនាក់ទំនងបង្កើននូវមិត្តភាព។

ឯកឧត្តមបានថ្លែងទៀតថា៖ ថ្ងៃនេះវត្តមានរបស់ប្រតិភូខេត្តកំពង់ចាមទាំងអស់ ដែលបានចំណាយពេលវេលាចុះមកជួបសំណេះសំណាល ជាមួយកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាការផ្តល់នូវសេចក្តីទុកចិត្ត និងការគាំទ្រ និងការឱ្យតម្លៃខ្ពស់ណាស់ លើការលះបង់របស់បងប្អូននៅក្នុងការការពារបូរណភាពទឹកដី មិនឱ្យមានការឈ្លានពាន មិនឱ្យមានការរំខានពីសំណាក់បរទេសដែលមានបំណងមិនល្អចំពោះប្រទេសរបស់យើង។លោកក៏បានស្នើដល់កងកម្លាំងរបស់យើងក្តាប់ឱ្យជាប់នូវសភាពការណ៍ ទាំងសភាពការណ៍នយោបាយ សន្តិសុខ ពិសេសត្រូវមើលគ្រប់គ្រងស្ថានភាពភូមិសាស្ត្រឱ្យបានច្បាស់លាស់។

សូមបញ្ជាក់ថា អំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលនាំមកប្រគល់ជូននាពេលនេះមាន៖ រថយន្តម៉ាកស្តារិច ចំនួន២គ្រឿង ឧបត្ថម្ភកងពលធំអន្តរាគមន៍លេខ២ ថវិកាចំនួន១០លានរៀល កងពលតូចអន្តរាគមន៍លេខ៦ ថវិកាចំនួន៥០លានរៀល ឧបត្ថម្ភនាយទាហាន នាយទាហានរង និងពលទាហានចំនួន១.៣៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣ម៉ឺនរៀល, ភេសជ្ជៈប៉ូវកម្លាំងចំនួន២០០កេស, ស្រាបៀរ ចំនួន៣០០កេស, មីចំនួន២០០កេស, បន្លែមួយចំនួន សាច់ជ្រូកចំនួន២០០គីឡូក្រាម សាច់មាន់ ចំនួន៣១០គីឡូក្រាម សម្ភារបរិក្ខារនិងថ្នាំពេទ្យចំនួន២១មុខ៕