សេដ្ឋកិច្ច

អាជីវករកាន់តែមានក្តីសង្ឃឹមខណ:ការស្ថាបនាផ្លូវទៅផែទេសចរណ៍ស្ថាបនាជិតរួចរាល់

ដោយ៖ កំចាយ

កំពតៈ ខណៈដែលផ្លូវបេតុងអាមេឆ្ពោះទៅកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតបានស្ថាបនារួចរាល់សម្រាប់ជំហានទី២ អ្នករកទទួលទានក្បែរផ្លូវ១ខ្សែនេះមានសេចក្តីត្រេកអរដោយសង្ឃឹមថាភ្ញៀវទេសចរនឹងមកលេង ហើយស្នាក់នៅកាន់តែច្រើនជាងមុន។

គួររម្លឹកថា ផ្លូវបេតុងអាមេថ្មីដែលបាន និងកំពុងស្ថាបនាចេញពីចំណុចក្បែរសាលាខេត្តកំពតប្របតាមឆ្នេរព្រែកកំពង់បាយឆ្លងកាត់តំបន់កោះស្មោះទៅកំពង់ផែទេសចរណ៍អន្តរជាតិមានប្រវែងជាង៦គីឡូម៉ែត្រ។ ផ្លូវនេះត្រូវធ្វើជា៣ជំហាន ដោយជំហានទី១ ចាប់ពីក្បែរសាលាខេត្តដល់ផែកំពង់កណ្តាលមានទទឹង១៣ម៉ែត្រ។ ជំហានទី២ ចាប់ពីចំណុចផែកំពង់កណ្តាលដល់ស្ពានកំពង់ទ្រៀកក្នុងស្រុកទឹកឈូមានទទឹងពី១៦ម៉ែត្រទៅ២៣ម៉ែត្រតាមស្ថានភាពភូមិសាស្ត្រ និងជំហានទី៣ ពីស្ពានកំពង់ទ្រៀកដល់កំពង់ផែទេសចរណ៍អន្តរជាតិ។

បុគ្គលិកបម្រើការងារនៅតាមរីសត និងប៊ូទិកប្របផ្លូវខាងលើបានរៀបរាប់ថា ពួកខ្លួនពិតជារំភើបរីករាយពេលឃើញផ្លូវដែលធ្លាប់តែលំបាកក្នុងការធ្វើដំណើរនេះស្ថាបនាជិតរួចរាល់១០០ភាគរយ។ ផ្លូវឆ្ពោះទៅកោះស្មោះ និងកំពង់ផែទេសចរណ៍មានសំខាន់សម្រាប់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តពីតំបន់មាត់ព្រែកកំពង់បាយតភ្ជាប់ទៅឆ្នេរកម្សាន្តកោះស្មៅ ហើយបន្តដល់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ ក្រុមបុគ្គលិកដដែលបានបញ្ជាក់ថា ផ្លូវនេះជួយឲ្យភ្ញៀវមកស្នាក់នៅប៊ូទិក និងរីសតពួកខ្លួនកាន់តែច្រើន។ ជាក់ស្តែង មកដល់ពេលនេះ ការកក់បន្ទប់សម្រាប់៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីបានទទួលបន្តបន្ទាប់ និងជិតពេញហើយ ស្របពេលដែលការតុបតែងលម្អកន្លែងស្នាក់នៅតាមបែបប្រពៃណីផ្សេងៗរៀបចំរួចរាល់នោះ។

សូមបញ្ជាក់ថា ក្រុមការងារស្ថាបនាផ្លូវមួយខ្សែនេះកំពុងសម្រុកធ្វើជំហានទី៣យ៉ាងសស្រោកសស្រាំចាប់ពីចំណុចស្ពានកំពង់ទ្រៀកកាត់ឆ្នេរកោះស្មៅបន្តទៅកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ តាមគម្រោង ផ្លូវបេតុងអាមេនេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខ៕