ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការលើកកម្ពស់ គុណតម្លៃតាមរយៈការពង្រឹងសមត្ថភាពឱ្យក្លាយជាអ្នកដឹកនាំ តាមក្រសួង ស្ថាប័នថ្នាក់ជាតិនានា។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅបន្តរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១ មេសានេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបាន និងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹង សមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័នរបស់ជាតិ រួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ព្រមទាំងបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានស្ត្រី ក្នុងវិស័យ នយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ចជាដើម សំដៅធានានិងឆ្លើយតបទៅនឹងសាកល ភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ឯកឧត្តមបានបន្តថា៖ ជាមួយគ្នានេះ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏មានចំនួនស្ត្រីកាន់តែច្រើន មានឱកាសកាន់តំណែង ជាអភិបាលខេត្ត អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ សមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ព្រមទាំងស្ត្រីជាថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពរបស់រដ្ឋ និងតាមរយៈសកម្មភាពរបស់ ស្ត្រី បានចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍ក្នុងទីផ្សារការងារឯកជន ដោយសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរបរិបទបច្ចេកវិទ្យាទំនើប ប្រែក្លាយខ្លួនជាសហគ្រិនភាព ឬបុគ្គលិកឆ្នើមក្នុង ស្ថាប័ន ដើម្បីចូលរួមរក្សាកំណើនសេដ្ឋកិច្ចជាតិផងដែរ៕
