អន្តរជាតិ

តុលាការរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងនឹងចេញសាលក្រមលើការដកតំណែងលោកប្រធានាធិបតីយុនសុកយុល

ប្រែសម្រួល៖ស-សម្បត្តិ

សេអ៊ូល៖ តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង ដែលកំពុងពិនិត្យការដកតំណែងប្រធានាធិបតី យុន សុកយុល នឹងប្រកាសការសម្រេចចិត្តថាតើត្រូវដកលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់លោកឱ្យចូលកាន់តំណែងវិញនៅថ្ងៃទី ៤ ខែមេសានេះ ដោយយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការកាលពីថ្ងៃអង្គារ (ថ្ងៃទី ១ ខែមេសា)។

តុលាការបានឱ្យដឹងថា សាលក្រមនឹងត្រូវប្រកាសនៅម៉ោង ១១ព្រឹក ហើយការផ្សាយផ្ទាល់នៃសវនាការនេះនឹងត្រូវបានអនុញ្ញាត។

លោក យុន ត្រូវបានដកតំណែងដោយសភាកាលពីថ្ងៃទី ១៤ ខែធ្នូ បន្ទាប់ពីត្រូវបានចោទប្រកាន់ថារំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញដោយបានប្រកាសអាជ្ញាសឹកនៅដើមខែធ្នូដោយគ្មានមូលដ្ឋានត្រឹមត្រូវ។

ប្រធានាធិបតីដែលត្រូវបានផ្អាកតំណែងរូបនេះបាននិយាយថា លោកមិនដែលមានបំណងដាក់ឱ្យអនុវត្តច្បាប់យោធាពេញលេញទេ ប៉ុន្តែលោកមានបំណងបង្ហាញពីការព្រមានអំពីការរំលោភបំពានរបស់គណបក្សប្រជាធិបតេយ្យប្រឆាំងដែលមានសំឡេងភាគច្រើនក្នុងសភាដែលលោកអះអាងថាកំពុងគំរាមគំហែងបំផ្លាញប្រទេស។

ក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោកមុនពេលតុលាការបញ្ចប់ការដេញដោលកាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោក យុន ក៏បាននិយាយថា ការសម្រេចចិត្តរបស់លោកក្នុងការប្រកាសអាជ្ញាសឹកគឺជាការអំពាវនាវដល់ប្រជាជនឱ្យជម្នះលើ “កម្លាំងប្រឆាំងរដ្ឋ” អ្នកគាំទ្រកូរ៉េខាងជើង និងការទប់ស្កាត់ពីគណបក្សប្រឆាំង។

រូបិយប័ណ្ណវ៉ុនបានប្រែប្រួលការខាតបង់មុននេះ ឡើងខ្ពស់ប្រឆាំងនឹងដុល្លារក្រោយពេលប្រកាសកាលបរិច្ឆេទនៃការសម្រេច។ សន្ទស្សន៍ KOSPI នៃទីផ្សារហ៊ុនបានឡើង ១,៥ ភាគរយក្រោយពេលប្រកាសកាលបរិច្ឆេទនៃការសម្រេច បន្ទាប់ពីមានការឡើងមុននេះត្រឹម ០,៥ ភាគរយ។ តុលាការដែលបច្ចុប្បន្នមានចៅក្រមប្រាំបីរូប ដោយមានអាសនៈមួយទំនេរ អាចសម្រេចឱ្យដកលោក យុន ចេញពីតំណែងបានលុះត្រាតែមានចៅក្រម ៦ រូប ឬច្រើនជាងនេះយល់ព្រម យោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង។

ការរង់ចាំជាង ១ ខែសម្រាប់ពេលវេលានៃការសម្រេចបានបង្កើតការប៉ះទង្គិចដ៏តានតឹងរវាងគណបក្សកាន់អំណាច ដែលសមាជិកជាច្រើននាក់អំពាវនាវឱ្យលោក យុន ចូលកាន់តំណែងវិញ និងគណបក្សប្រឆាំងដែលបាននិយាយថា ការវិលត្រឡប់របស់លោកនឹងធ្វើឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។

មេធាវីសភាដែលស្វែងរកការដកតំណែងរបស់លោកបានប្រៀបធៀបលោក យុន ទៅនឹងផ្តាច់ការក្នុងអំឡុងពេលការដេញដោលចុងក្រោយនៅក្នុងការជំនុំជម្រះការដកតំណែងរបស់លោក។

លោក យុន ជាអតីតព្រះរាជអាជ្ញាដែលបានឃើញប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះ អាចនឹងត្រូវបានដកចេញពីតំណែងក្នុងរយៈពេលតិចជាង ៣ ឆ្នាំនៃអាណត្តិ ៥ ឆ្នាំរបស់លោក ប្រសិនបើការដកតំណែងរបស់លោកត្រូវបានគាំទ្រ ដែលនឹងក្លាយជាទីបញ្ចប់ដ៏វឹកវរនៃការកាន់តំណែងដែលពោរពេញដោយភាពច្របូកច្របល់នយោបាយ។

ប្រសិនបើលោក យុន ត្រូវបានដកតំណែង ការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ ថ្ងៃ។

លោក យុន ក៏កំពុងស្ថិតក្នុងការជំនុំជម្រះក្ដីព្រហ្មទណ្ឌដាច់ដោយឡែកផងដែរ ដោយត្រូវបានចោទប្រកាន់ពីបទដឹកនាំការបះបោរដោយការប្រកាសអាជ្ញាសឹក ហើយអាចប្រឈមនឹងការផ្តន្ទាទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានរកឃើញថាមានទោស ទោះបីជាប្រទេសកូរ៉េខាងត្បូងមិនទាន់បានអនុវត្តការប្រហារជីវិតចាប់តាំងពីឆ្នាំ ១៩៩៧ មក។

ការប្រកាសអាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ដែលហាមឃាត់សកម្មភាពនយោបាយ និងសភា បានបង្កឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញ ដែលក៏បានធ្វើឱ្យមានការដកតំណែងនាយករដ្ឋមន្ត្រីដែលក្លាយជាប្រធានាធិបតីស្តីទីផងដែរ។

លោកនាយករដ្ឋមន្ត្រី ហាន ដាក់ស៊ូ ត្រូវបានតែងតាំងឡើងវិញកាលពីថ្ងៃទី ២៤ ខែមីនា ដោយតុលាការរដ្ឋធម្មនុញ្ញ ហើយបានបន្តតួនាទីជាប្រធានាធិបតីស្តីទី។

ក្នុងការជំនុំជម្រះដកតំណែងកាលពីឆ្នាំ ២០១៧ ចៅក្រមទាំងប្រាំបីរូបនៃតុលាការនាពេលនោះបានគាំទ្រឯកច្ឆន្ទលើការសម្រេចចិត្តដកតំណែងប្រធានាធិបតី ប៉ាក គឺនហ៊្យេ ចេញពីតំណែង ដោយសារការរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់អ្នកស្រី៕

ប្រភព៖ រ៉យទ័រ