ប្រែសម្រួល៖ តារា
ម៉ាខឹស រ៉ាសហ្វត បាននិយាយថា គាត់កំពុងលេងកាន់តែប្រសើរឡើង តាំងពីចូលរួមជាមួយក្លិប Aston Villa ក្នុងទម្រង់ជាការខ្ចីជើងពីក្លិប Manchester United បន្ទាប់ពីស៊ុតបញ្ចូលទីពីរគ្រាប់ដំបូងរបស់គាត់សម្រាប់ក្រុមនៅ Birmingham ក្នុងជ័យជម្នះ ៣-០ លើក្រុមលំដាប់ទីពីរ Preston North End ដើម្បីឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធអង់គ្លេស រ៉ាសហ្វត ដែលបានស៊ុតបញ្ចូលទី ១៣៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៤២៦ លើកសម្រាប់ក្លិបកំណើតរបស់គាត់ Manchester United ត្រូវបានដកចេញពីក្រុមដោយអ្នកគ្រប់គ្រង Ruben Amorim មុនពេលការផ្ទេរជាការខ្ចីជើងទៅកាន់ Aston Villa ត្រូវបានប្រកាសកាលពីខែមុន។
ការបង្ហាញរបស់រ៉ាសហ្វតថា គាត់ត្រៀមខ្លួនរួចរាល់សម្រាប់បទពិសោធន៍ថ្មី ត្រូវបានតាមពីក្រោយដោយការចោទប្រកាន់របស់ Amorim អំពីការខិតខំប្រឹងប្រែងរបស់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ដោយនិយាយថា គាត់នឹងជ្រើសយកគ្រូបង្វឹកអ្នកចាំទីតែម្តងនៅលើបង្អែក ជាជាងកីឡាករដែលមិនព្រមខិតខំបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព។
«វាជាអារម្មណ៍ដ៏អស្ចារ្យ។ វាតែងតែជាអារម្មណ៍ល្អសម្រាប់ខ្សែប្រយុទ្ធដែលអាចស៊ុតបញ្ចូលទី ដូច្នេះសង្ឃឹមថា វានឹងបន្តទៀត» រ៉ាសហ្វតបានប្រាប់ទៅកាន់ BBC បន្ទាប់ពីស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងវគ្គទីពីរកាលពីថ្ងៃអាទិត្យ។
រ៉ាសហ្វត ដែលបានស៊ុតបញ្ចូលទីបួនគ្រាប់ក្នុងការប្រកួតក្របខណ្ឌ Premier League ក្នុងការបង្ហាញខ្លួន ១៥ លើកសម្រាប់ Manchester United រដូវកាលនេះ បានបង្ហាញខ្លួនចុងក្រោយសម្រាប់ក្លិបដើមរបស់គាត់កាលពីខែធ្នូ។
«ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកម្លាំងកាន់តែច្រើន និងលេងបាល់កាន់តែប្រសើរតាំងពីខ្ញុំមកទីនេះ។ ខ្ញុំបានខកខានប្រកួតជាច្រើនមុនពេលចូលរួមជាមួយពួកគេ។ រាងកាយរបស់ខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំកំពុងរីករាយជាមួយនឹងបាល់ទាត់របស់ខ្ញុំនាពេលនេះ» រ៉ាសហ្វតបានបន្ថែម។
Villa ដែលស្ថិតនៅលំដាប់ទី៩ នឹងបន្តយុទ្ធនាការក្របខណ្ឌលីករបស់ពួកគេប្រឆាំងនឹងក្រុម Brighton & Hove Albion នៅថ្ងៃពុធ៕
ប្រភព៖ Reuters
