ដោយ : បន្ទាយ

បាត់ដំបង ៖ ខ្សែរថភ្លើងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេវ៉េ (Royal Raiway ) ដែលផ្ទុកដឹកអង្ករពីបន្ទាយមានជ័យទៅខេត្តព្រះសីហនុ បានជួបគ្រោះថ្នាក់ខ្លួនឯង ដែលអាចបង្កពីស្រុតផ្លូវ រួចក្រឡាច់ក្រឡាប់របូតទូពីកង់ចាក់កំពប់កុងតឺន័រអង្ករអស់៤ទូ និង២ទូទៀតទ្រេត ។
ទោះយ៉ាងណា វាមិនបង្កខូចខាតផ្ទះពលរដ្ឋឬគ្រោះថ្នាក់មនុស្សនោះឡើយ ។
ឧបទ្ទហេតុនេះកើតឡើងនៅរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥ នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
គ្រោះថ្នាក់គួរឲ្យសោកស្តាយនិងរំលែកនូវការខូចខាតនេះជាមួយក្រុមហ៊ុនរថភ្លើង ក៏ដូចជាក្រុមហ៊ុនផ្លូវដែកនិងម្ចាស់ទំនិញ គឺរថភ្លើងរត់ក្នុងល្បឿនយឺតដែរទេ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា : ពេលក្បាលនិងទូរថ១កំណាត់បានឆ្លងផុត ក៏ស្រាប់តែទូ១កំណាត់ខាងក្រោយបានផ្អៀង រួចក្រឡាប់ទៅខាងស្តាំដៃក្នុងដំណើរទិសជើងទៅត្បូង។តមក ផ្នែកកំណាត់ខាងមុខត្រូវកាត់ផ្តាច់ ហើយក្បាលរថបានបន្តដំណើរមករក្សាទុកនៅស្ថានីយធំនាក្រុងបាត់ដំបង។ឯក្រុមជាងនឹងចូលទៅជួយសង្គ្រោះជួសជុល។
បុគ្គលិកក្រុមហ៊ុនរថភ្លើងមិនផ្តល់ព័ត៌មានពីករណីនេះទេ៕
