អន្តរជាតិ

រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា៖ គ្រោះរញ្ជួយដីបង្កស្លាប់មនុស្សដល់១.៦៤៤នាក់ របួស៣. ៤០៨នាក់ និងមនុស្ស១៣៩នាក់កំពុងបាត់ខ្លួន

ដោយ : បន្ទាយ

ភ្នំពេញ : បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រវាយប្រហារប្រទេសនេះ កាលពីថ្ងៃសុក្រ ទី២៨ខែមីនាឆ្នាំ២០២៥ រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ាបានចេញមកនិយាយជាលើកដំបូងថា គ្រោះរញ្ជួយដីបង្កស្លាប់មនុស្សដល់១.៦៤៤នាក់ របួស៣. ៤០៨នាក់ និងមនុស្ស១៣៩នាក់ កំពុងបាត់ខ្លួន ។នេះបេីយោងការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃសៅរ៍ ទី២៩ខែមីនាឆ្នាំ២០២៥។

យោងទីភ្នាក់ងារសារព័ត៌មានអង់គ្លេសរ៉យទ័រ(Reuter) និងបារាំងអាអេហ្វប៉េ(AFP) បានផ្សាយថា ប៉ុន្តែសម្រាប់អ្នកជំនាញផ្នែករញ្ជួយដីនិងភូមិសាស្ត្រអាមេរិកគឺទីភ្នាក់ងារតាមដានភូមិសាស្ត្រនិងគ្រោះរញ្ជួយដីអាមេរិក (The United States Geological Survey : USGS) និង​អង់គ្លេស ដោយយោងតាមរូបមន្តវិភាគមហន្តរាយវិញ ជន​រងគ្រោះស្លាប់​ ក្នុង​ហេតុ​​​ការណ៍​​រញ្ជួយ​ដី​ដ៏​កំណាច​ខ្លាំងនៅ​ភូមា​កាលពី​ថ្ងៃ​សុក្រទី​២៨​មីនា​ អាចមានចំនួនយ៉ាងតិច​ម៉ឺន​នាក់។

ការរញ្ជួយនេះមានកម្រិតរញ្ជួយ ៧.៧ រ៉ិចទ័រ និងមានជម្រៅ ១០ គីឡូម៉ែត្រ។ ចំណែកចំណុចកណ្តាលនៃការរញ្ជួយរបស់វា ស្ថិតនៅចម្ងាយប្រហែល ១៧.២ គីឡូម៉ែត្រ ពីទីក្រុងម៉ាន់ដាឡេ(Mandalay)ប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនប្រហែល ១.២លាននាក់។

ផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា៖ ទីក្រុងបុរាណម៉ាន់ដាឡេ ជាចំណុចកណ្តាលនៃការ វាយប្រហាយដោយគ្រោះរញ្ជួយដី ។ ផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបណ្តាលឲ្យមានការបាក់រលំវិហារព្រះពុទ្ធសាសនាអាយុជិត២ ០០០ឆ្នាំមួយ។អគារជាច្រើនត្រូវបានគេរាយការណ៍ថាបានដួលរលំ។ ផ្លូវថ្នល់ ស្ពាន ពិតា អគារ បានរងការខួចខាតយ៉ាងដំណំនិងខូចខាតផ្ទះ និងទីសក្ការបូជាសាសនាជាច្រើនកន្លែង ។ ស្ពានប្រវត្តិសាស្រ្តអេវ៉ា(Ava) ឆ្លងកាត់ទន្លេអ៊ីរ៉ាវ៉ាឌី (Irrawaddy )ដ៏ធំ ដែលជារចនាសម្ព័ន្ធសម័យអាណានិគមអង់គ្លេសបានដួលរលំបាក់ចូលក្នុងទឹក។

អំពីទិន្នន័យនេះ របបសឹកភូមាបានច្រានចោល ហើយមិនសប្បាយចិត្តដោយនិយាយវាយបកថា : ហេតុអ្វី​​អ្នក​ជំនាញ​​គិត​ឃើញ​ច្រើន​ម្ល៉េះ? តើអ្នក​ជំនាញ​​ពន្យល់​យ៉ាងដូច​ម្តេច​ខ្លះ?

ជាការកត់សម្គាល់លោកមីន អ៊ុងឡាំង មេដឹកនាំរបបយោធានៃប្រទេសមីយ៉ាន់ម៉ាដែលឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារបានអនុញ្ញាតឱ្យបុគ្គលិកជួយសង្គ្រោះបរទេសជាច្រេីននាក់ ចូលរួមក្នុងការជួយសង្រ្គោះ ពីថ្ងៃសៅរ៍មកនេះ។ក្នុងនោះប្រទេសដែលបានប្រកាសផ្តល់ជំនួយលើការងារសង្គ្រោះនិងផ្តល់ស្បៀងអាហារ ថ្នាំសង្កូវ ជម្រកបណ្តោះអាសន្នរួមមានដូចជា ចិន រុស្ស៉ី កូរ៉េខាងត្បូង ជប៉ុន និងសិង្ហបុរី ។ ឯសហរដ្ឋអាមេរិក ឥណ្ឌា ក៏សន្យាផ្តល់ជំនួយដែរ ។ក្នុងនោះ ក្រុមសង្រ្គោះចិន និងរុស្ស៉ី ត្រូវបានបញ្ជូនទៅដល់តំបន់រងគ្រោះហើយ។

ចំណែកប្រទេសថៃ ដែលរងគ្រោះដោយការរញ្ជួយដីនេះដែរ បានដាក់ពង្រាយបុគ្គលិកយោធា និងធនធានផ្សេងទៀតដើម្បីជួយដល់មីយ៉ាន់ម៉ាផងដែរដ្បិតស្ថានភាពទីនោះធ្ងន់ធ្ងរជាង។

ទីក្រុងបាងកកប្រទេសថៃ អគារខ្ពស់ៗរាប់សិបជាន់ ជាច្រើនបានរងផលប៉ះពាល់ដូចជារង្គើ ញ័រ និងមានអគារកំពុងសាងសង់មួយមានកម្ពស់ជាង៣០ ជាន់នៅជិតផ្សារនៃខណ្ឌចតុចក្រ (Chatuchak) បានដួលរលំ។ ក្នុងអគារនោះ មានកម្មករជិត៥០នាក់ ជាប់គាំងនិងមានរបាយការណ៍ថា មានមនុស្ស១០ប្លាយនាក់បានស្លាប់ ១៦នាក់រងរបួសនិងបាត់ខ្លួនមួយចំនួនទៀត ។

ទោះបីជាទំហំនៃមហន្តរាយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាធំធេងក៏ដោយក៏ទិនន្នន័យនិងរូបភាពផ្សព្វផ្សាយចេញមកក្រៅតិចជាងឆ្ងាយ បើធៀបធៀបនឹងនៅរាជធានីបាងកក ប្រទេសថៃ។
នោះជាសេរីភាពរបស់ពលរដ្ឋមានភាពខុសគ្នា ៕