ដោយ : បន្ទាយ

បន្ទាយមានជ័យ : ប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានចុះបំពេញបេសកកម្មនៅខេត្តនានាភាគពាយ័ព្យនិងឧត្តរក្នុងចុងខែមីនាឆ្នាំ២០២៥ នេះ។
ក្នុងនោះក៏បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយ មានជ័យ ដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ជាច្រើនរូប ផងដែរ។
មន្ត្រីក្រុមការងារអោយដឹងកាលពីថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៥ថា : លោកស្រីនិន សាផុន ប្រធានគណ:កម្មការទី៩ នេះបានមានប្រសាសន៍ថា : ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តបន្ទាយមានជ័យ នាពេលនេះ មិនមែនជាការចុះមកត្រួតពិនិត្យ ឬធ្វើអធិការកិច្ចទេ។
ប៉ុន្តែ គឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន រួមនិងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាពិសេសប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត និងជាធរមាន ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញនីមួយៗ ព្រមទាំងការលំបាក និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ និងលោកស្រី លោកប្រធានមន្ទីរ អង្គភាពនិងផ្នែកពាក់ព័ន្បានជម្រាបជូនអំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពី ការងារដែលទាក់ទងនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជា សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ព្រមទាំងសភាពាណិជ្ជកម្ម ហើយបង្ហាញពីវឌ្ឍនភាពនិងបញ្ហាប្រឈមមួយចំនួនដែលត្រូវអនុវត្តបន្ត។
លោកស្រី និន សាផុន បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តបន្ទាយមានជ័យ ក៏ដូខេត្តនានានាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន និងលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តដែលសម្រេចបាន ។
ជាពិសេសប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត និងជាធរមាន ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញនីមួយៗ ព្រមទាំងការលំបាក និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់។
ជាមួយគ្នានោះ ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំធ្វើការផ្សព្វផ្សាយអប់រំលើវិស័យរបស់ខ្លួនជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយបន្ថែមទៀត។
ក្នុងនោះក៏បានធ្វើការកោតសរ សើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តលើការងារអភិវឌ្ឍន៍ខេត្ត ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់៕
