សេដ្ឋកិច្ច

អ្នកសហគមន៍នេសាទខេត្តកែបចាប់យកការចិញ្ចឹមគ្រំចំពុះទាដើម្បីបង្កើនប្រាក់ចំណូល

ដោយ៖ កំចាយ

កែប÷ អ្នកនេសាទសហគមន៍ភូមិថ្មីក្នុងសង្កាត់ព្រៃធំ ក្រុងកែបបាន និងកំពុងចិញ្ចឹមគ្រំចំពុះទាជាមួយស្ថានភាពភូមិសាស្ត្រអំណោយផលដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ មន្ត្រីជំនាញមានផែនការអភិវឌ្ឍសហគមន៍ទូទាំងខេត្តកែបឲ្យកាន់តែប្រសើរតាមរយៈការលើកកម្ពស់វារីវប្បកម្ម។

លោក ណុះ យ៉េប ប្រធានស្តីទីសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែបបានប្រាប់ឲ្យដឹងថា សមាជិកសហគមន៍នេសាទភូមិថ្មីកំពុងចាប់ផ្តើមគម្រោងចិញ្ចឹមគ្រំចំពុះទា ព្រោះធនធានសមុទ្រប្រភេទនេះងាយស្រួលចិញ្ជឹម និងទទួលបានទិន្នផលច្រើន ហើយមានតម្លៃល្អ។

បច្ចុប្បន្ន សមាជិកកំពុងចិញ្ចឹមក្នុងបរិវេណស្ថានីយភ្ញាស់ក្តាមសេះរបស់សហគមន៍គឺប្រើវិធីបោះបង្គោលឈើចូលក្នុងទឹក រួចរក្សាទុកដោយមិនចាំបាច់ផ្តល់ចំណីអ្វីទាំងអស់។

លោកប្រធានស្តីទីបានបន្តថា ភូមិសាស្ត្រសមុទ្រក្នុងដែនសហគមន៍នេះមានអំណោយផលល្អ ហើយងាយស្រួលក្នុងការចិញ្ជឹមបំផុត។ តាមការកត់សម្គាល់ ក្នុងមួយបង្គោល ខ្យងចំពុះទាអាចផ្តល់ផលប្រមាណ១០គីឡូក្រាមសម្រាប់រយៈពេលពី៦ខែទៅ១ឆ្នាំ។ ចំណែកតម្លៃវិញ ខ្យងចំពុះទា១គីឡូក្រាមអាចលក់បានពី៣.០០០រៀលទៅ៥.០០០រៀលអាស្រ័យលើទំហំ។ លោក ណុះ យ៉េប បានបញ្ជាក់ថា គ្រំចំពុះទាមានរសជាតិឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយអាចច្នៃធ្វើម្ហូបបានច្រើនប្រភេទ ដូចជា ស្លម្ជូរគ្រឿង ឆាក្រៀម ឆាក្តៅ ញាំ ស្ងោជ្រក់ ស្រុះ និងច្នៃជាម្ហូបបែបអឺរ៉ុបជាដើម។

លោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែបបានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញកំពុងរៀបចំផែនការអភិវឌ្ឍសហគមន៍នេសាទទាំង៥ក្នុងខេត្តកែប តាមរយៈការលើកកម្ពស់វារីវប្បកម្មនៅតាមសហគមន៍នីមួយៗ។ គម្រោងទាំងនោះ រួមមាន ការចិញ្ចឹមអយស្ទ័រ ខ្យងចំពុះទា និងគ្រែងឈាមជាដើម។ ទាំងនេះស្ថិតក្នុងបំណងផ្តល់ចំណូលមួយផ្នែកចំពោះប្រជាសហគមន៍នេសាទដើម្បីបញ្ចៀសការនេសាទពីធម្មជាតិតែមួយប្រភេទនោះ៕