ដោយ : បន្ទាយ

បន្ទាយមានជ័យ : ពលរដ្ឋកម្ពុជានិងជនបរទេស ជាពិសេសពលរដ្ឋថៃបានឲ្យសារព័ត៌មានយើងដឹងជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី២៨និង២៩ខែមីនាឆ្នាំ២០២៥ ថា: មូលហេតុដែលពួកខ្លួនជ្រួលច្របល់ រត់ចុះពីលើអគារមកក្រោម ហើយចេញពីម្តុំអគារខ្ពស់ៗនៅប្លុកខ្លះនៃក្រុងប៉ោយប៉ែតកាលពីម្សិលមិញមកពីអគារ៣កន្លែងនៅក្រុងប៉ោយប៉ែតទទួលឥទ្ធិពលពីគ្រោះរញ្ជួយយដីនៅថៃនិងភូមា , ព្រួយបារម្ភនិងបង្ការការពារខ្លួន ប្រសើរជាងព្យាបាល។
ពួកគេឲ្យដឹងថា : ប៉ុន្តែ បើអត់មានរង្គើអគារឬរញ្ជួយដីក៏ហីទៅចុះ! ពួកគេគ្មានបំណងបំផុសបំផុល បង្កើតព័ត៌មានមិនពិតបង្កចលាចលសង្គម ហើយការផុសមួយចំនួន ក៏មិនបាននិយាយថា មានគ្រោះរញ្ជួយដីនៅក្រុងប៉ោយប៉ែតនោះដែរ ។ដ្បិតអី ពេលទទួលដំណឹងថា មានគ្រោះរញ្ជួយដីនៅថៃនិងភូមា ហើយមានគេប្រាប់ឲ្យប្រុងប្រយ័ត្នផងនោះ ពួកគេនៅលើនិងក្នុងអគារខ្ពស់និងនៅជិតអគារខ្ពស់ ក៏មានអារម្មណ៍ថាឃើញដូចជាពពកវិល ឯអគារក៏ដូចជាញ័ររង្គើ។
ទោះជាយ៉ាងណា បើសិនជាការសកម្មភាពនិងអារម្មណ៍ដូចខាងលើ ត្រូវសាធារណជនយល់ថា ខុស ឬមិនត្រឹមត្រូវ ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចស្តីបន្ទោសឬឈានទៅចាប់ទោសអូសដំណើរឬ ចោទប្រកាន់ពីបទអ្វីមួយ ពួកគេសូមទោស សូមអត់ឱនទោស ផងចុះ ។
ទាក់ទិនករណីនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់សារព័ត៌មានយើងថា : លោកបានទទួលសេចក្តីរាយកាយណ៍ពីមន្ត្រីក្រុមការងាររបស់លោកដែលចុះទ្រោលសភាពការណ៍តាមគោលដៅនានាថា នៅក្រុងប៉ោយប៉ែតមានអគារចំនួន៣ទីតាំង ត្រូវបានបុគ្គលិកក្នុងអគាររត់ចេញមកក្រៅ ដោយសារមានអារម្មណ៍ថាអគារមានភាពរំញ័រកាលពីវេលាម៉ោង ១:៥៥នាទីរសៀល នាថ្ងៃទី២៨ ខែមីនាឆ្នាំ ២០២៥ម្សិលមិញ ។
ក្នុងនោះទីតាំងទី១ នៅប្លុកដើមស្រល់ ស្តារហ្គោល(Star Gold Building) ភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ, ទីតាំងទី២ នៅប្លុកអេផ្លាស់(APlus Block ) ភូមិក្បាលស្ពានសង្កាត់អូរជ្រៅ និងទីតាំងទី៣ នៅអគារអេដា ភូមិ/ សង្កាត់ផ្សារកណ្ដាល ។ប៉ុន្តែ លោកគាត ហ៊ុល បានបញ្ជាក់បន្ថែមថា ក្រោយពីកម្មករ ពលរដ្ឋរត់ចេញមួយរយៈពេលខ្លី បន្ទាប់មកពួកគាត់ក៏ចូលធ្វេីការនៅអគារទាំងនោះវិញជាធម្មតាអស់ហើយ៕
