ដោយ៖សុខុម
ក្រចេ៖ កងកម្លាំងសមត្ថកិច្ចដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្រ្កាប និងឃាត់ខ្លួនម្ចាស់ទីតាំងលក់ដូរសត្វព្រៃខុសច្បាប់មួយកន្លែង។

ប្រតិបត្តិការនោះធ្វើឡើង កាលពីព្រឹកថ្ងៃទី ២៨ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា មុនឈានទៅដល់ការចុះបង្ក្រាប សមត្ថកិច្ចស៊ើបអង្កេតទីតាំងខាងលើជាយូរមកហើយ។ បន្ទាប់មកក៏ចាប់ផ្តើមឆែកឆេរតែម្តង។នៅពេលនោះ សមត្ថកិច្ចបានឃាត់ម្ចាស់លំនៅដ្ឋាន ឈ្មោះកែម នុន្នី អាយុ៣៩ឆ្នាំ ជាប់សង្ស័យរកស៊ីល្មើសច្បាប់។
នៅក្នុងកំណត់ហេតុសមត្ថកិច្ចបានបញ្ជាក់ថា ក្រុមការងារបានរកឃើញសត្វព្រៃនិងសំណាកសត្វព្រៃជាច្រើនប្រភេទ រួមមាន៖ សាច់ឈ្លូស ១០គីឡូ សាច់ប្រើស ១៨គីឡូ សាច់ជ្រូកព្រៃ ២៣គីឡូ ចាបស្រូវ១០០ក្បាល ស្នែងឈ្លូស កន្ទុយសត្វក្ងោក និងសត្វទទារស់ជាច្រើនក្បាល៕
