ដោយ : បន្ទាយ

បាងកក៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រិច្ឆទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លាក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និងវៀតណាមផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ក៏ដូចជាសារព័ត៌មានក្នុងស្រុករបស់ថៃ។
ប្រជាជនថៃនៅក្នុងទីក្រុងឈឿងម៉ៃ (Chiang Mai ) បានឱ្យដឹងថា៖ ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅ ស្របពេលដែលអគារនានាបានរងការញ័ររញ្ជួយ។
បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនេះ។
យ៉ាងណាមិញ ភ្លាមៗមិនទាន់មានសេក្តីរាយការណ៍អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់ ដែលបង្កឡើងពីរញ្ជួយដីខាងលើនៅឡើយទេ។
អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា៖ អគារខ្ពស់១ខ្នងកម្ពស់៣០ជាន់ ដែលស្ថិតក្រោមការសាងសង់ សម្រាប់បម្រើជាការិយាល័យរដ្ឋាភិបាល បានដួលរលំនៅទីក្រុងបាងកកនាថ្ងៃសុក្រនេះ ហើយធ្វើឱ្យជាប់ខ្លួនកម្មករចំនួន៤៣នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។
អគារខាងលើស្ថិតក្នុងសង្កាត់ចតុចក្រ( Chatuchak ) ភាគខាងជើងទីក្រុងបាងកក បានដួលរលំទាំងស្រុងតែម្តង ក្នុងពេលមួយប៉ព្រិចភ្នែក បន្ទាប់ពីប្រទេសថៃបានទទួលរងការញ័ររញ្ជួយ ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រិច្ឆទ័រ ដែលបានវាយប្រហារចំត្រង់ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។
ក្រៅពីថៃ នៅវៀតណាមឯណោះក៏បានទទួលរងអារម្មណ៍ញ័ររង្គើដូចគ្នាផងដែរ។ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់អំពីទំហំនៃការបំផ្លិចបំផ្លាញ ឬក៏មនុស្សបាត់បង់ជីវិតនៅឡើយទេ ជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
បើតាមទីភ្នាក់ងារអាមេរិក USGA ចំណុចញ័រកណ្តាលនៃគ្រោះរញ្ជួយផែនដីខាងលើគឺស្ថិតនៅចម្ងាយប្រមាណ១៧គីឡូម៉ែត្រ ពីទីក្រុងបុរាណម៉ានដាឡេ(Mandalay Ancient City ) ដែលមានមនុស្សរស់នៅ១.២លាននាក់ ភាគកណ្តាលមីយ៉ាន់ម៉ា និងមានជម្រៅត្រឹម១០គីឡូម៉ែត្រក្រោមផ្ទៃដីប៉ុណ្ណោះ ដែលអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ៕
