ដោយ៖ កំចាយ

កំពតៈ មន្ត្រីគ្រប់គ្រងតំបន់ការពារបឹងធម្មជាតិបានសម្តែងក្តីរីករាយចំពោះការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀលនាដែនអភិរក្សអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចសម្រាប់រដូវកាលឆ្នាំនេះមានរយៈពេលវែង។ ការបង្កើត ” ស្រែមិត្តក្រៀល ” កត្តាអាកាសធាតុ និងការយល់ដឹងបន្ថែមរបស់ពលរដ្ឋសហគមន៍ជាចលករដែលធ្វើឲ្យពពួកសត្វក្រៀលស្នាក់នៅបឹងអន្លង់ព្រីងមានរយៈពេលយូរ ហើយពោរពេញដោយភាពកក់ក្តៅ។
លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពបឹងអន្លង់ព្រីងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា ការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀលនាបឹងអន្លង់ព្រីងក្នុងឆ្នាំ២០២៤-២០២៥ មានរយៈពេលយូរជាងរដូវកាលមុនៗ។ នេះជាមោទកភាពមួយសម្រាប់មន្ត្រីជំនាញ និងសមាជិកសហគមន៍ ព្រោះជាធម្មតាត្រឹមចុងខែកុម្ភៈ ពពួកសត្វក្រៀលតែងចាប់ផ្តើមធ្វើបន្លាស់ទីទៅកាន់កន្លែងថ្មីដើម្បីសម្ងំពងកូនហើយ។
លោកនាយកបានបន្តថា រដូវកាលឆ្នាំនេះ សត្វក្រៀលចាប់ផ្តើមចុះកាលពីដើមខែធ្នូ ឆ្នាំ២០២៤ ហើយមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សត្វក្រៀលកំពុងបន្តរកចំណីនៅបឹងអន្លង់ព្រីងមានចំនួន៨៨ក្បាល។ បរិមាណនេះនៅថេរ បើប្រៀបធៀបកាលពីដើមខែកុម្ភ:ដោយមិនទាន់មានមួយក្បាលណាចាកចេញនៅឡើយទេ។ ជាធម្មតា បណ្តាឆ្នាំកន្លងទៅ ត្រឹមដើមខែមីនា ពពួកសត្វក្រៀលបានចាកចេញអស់ពីបឹងអន្លង់ព្រីងដោយនាំគ្នាឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
លោក ម៉ម រិន ប្រធានសហគមន៍ការពារតំបន់អន្លង់ព្រីងបានបញ្ជាក់ថា តាមការកត់សម្គាល់ ឈរលើកត្តា២ដែលឆ្នាំនេះសត្វក្រៀលមកស្នាក់នៅក្នុងតំបន់បឹងអន្លង់ព្រីងមានរយៈពេលវែង។ ទី១ កត្តាធម្មជាតិ គឺចុងខែវិច្ឆិកា ឆ្នាំ២០២៤ រដូវកាលភ្លៀងធ្លាក់បានបញ្ចប់ ព្រោះកាលណារាំងភ្លៀង ហើយទឹកស្រកជិតអស់ពីផ្ទៃបឹងនោះសត្វក្រៀលចាប់ផ្តើមចុះមករកចំណី និងស្នាក់នៅតំបន់នេះហើយ។ ទី២ ការអនុវត្តកម្មវិធី ” ស្រែមិត្តក្រៀល ” គឺអង្គការដៃគូបានជួលដីនៅជុំវិញក្បែរបរិវេណបឹង ផ្តល់ជី និងពូជឲ្យកសិករធ្វើស្រូវដោយតម្រូវឲ្យទុកមួយផ្នែកក្នុងស្រែសម្រាប់ជាចំណីសត្វក្រៀល។
លោកប្រធានសហគមន៍បានបន្តថា មកទល់ពេលនេះមានបងប្អូនប្រជាកសិករជាង២០០គ្រួសារបានចូលរួមក្នុងកម្មវិធី ” មិត្តក្រៀល ” ដោយចិត្តជ្រះថ្លា។ បន្ថែមលើនេះ ប្រជាពលរដ្ឋសហគមន៍កាន់តែយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការអភិរក្សសត្វកម្រតាមរយៈការចុះផ្សព្វផ្សាយរបស់មន្ត្រីជំនាញពាក់ព័ន្ធដើម្បីបញ្ចៀសការចាប់ ឬសម្លាប់សត្វគ្រប់រូបភាព។ ទាំងនេះជាចលករដែលធ្វើឲ្យពពួកសត្វក្រៀល និងសត្វស្លាបដទៃទៀតអាចស្នាក់នៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងប្រកបដោយភាពកក់ក្តៅ៕
