ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ដោយសារតែការបើកបរធ្វេសប្រហែសរបស់អ្នកបើករ៉ឺម៉កម៉ូតូ និងម៉្យាងមិនទាន់គ្រប់អាយុក្នុងការបើកបរ បានរេចង្កូតជ្រុលធ្លាក់ចូលក្នុងស្រះទឹកស្តុកលាមកសត្វជ្រូក ស្ថិតក្នុងភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បានបណ្តាលឱ្យមនុស្សចំនួនបីនាក់បានលង់ស្លាប់ និងពីរនាក់ផ្សេងទៀតបានរួចជីវិត កាលពីរសៀលថ្ងៃទី ២៧ មីនាកន្លងទៅនេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកត្បូងឃ្មុំបានឱ្យដឹងថា៖ ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ទី១. ពៅ ចន្ថា ភេទប្រុស អាយុ ១៣ ឆ្នាំ ជិះលើរ៉ឺម៉ក,ទី២. ចន ឌីម៉ូ ភេទប្រុស អាយុ ១២ ឆ្នាំ និង ទី៣. រ៉ាត់ វ៉ា ភេទប្រុស អាយុ ៣៩ ឆ្នាំ បានស្លាប់ដោយសារចុះជួយស្រង់កូនប្រុសឈ្មោះ វ៉ា ម៉េងហ័រ។ ពួកគាត់មានទីលំនៅភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំដែរ។ ចំណែកអ្នករួចជីវិតឈ្មោះ វ៉ា ម៉េងហ័រ អាយុ ១២ ឆ្នាំដែលឪពុក រ៉ាត់ វ៉ា បានស្រង់ឱ្យនៅរស់ ហើយខ្លួនបានស្លាប់ ហើយវ៉ា ម៉េងហ័រជាអ្នកបើកបររ៉ឺម៉កម៉ូតូបង្កឱ្យធា្លក់ចូលស្រះស្តុកលាមកសត្វជ្រូក និងម្នាក់ទៀតឈ្មោះ ពៅ ចាន់ថូ ភេទប្រុស អាយុ ១៣ ឆ្នាំមានទីលំនៅជាមួយជនរងគ្រោះដែលស្លាប់ដែរ។
ប្រភពព័ត៌មាននោះបានបន្តថា៖ នៅមុនកើតហេតុ ឈ្មោះ វ៉ា ម៉េងហ័រ បានបើកម៉ូតូសណ្ដោងរឺម៉ក ត្រឡប់មកពីដឹកសាំងដាក់ឱ្យម៉ូយ ហើយបានដឹកជនរងគ្រោះ៣នាក់ខាងលើ ដោយមានឪពុកឈ្មោះរ៉ាត់ វ៉ា ដែលជិះម៉ូតូតាមពីក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ ឈ្មោះ វ៉ា ម៉េងហ័រ បានក្រឡេកមើលក្រោយហើយក៏រេចង្កូតធ្លាក់រឺម៉កម៉ូតូចូលក្នុងស្រះកើតហេតុ បណ្ដាលឲ្យមនុស្សចំនួន ៤នាក់ ធ្លាក់ចូលទៅក្នុងស្រះទឹកទាំងអស់គ្នា ដែលស្រះទឹកមានទំហំទទឹង៣០ម៉ែត្រ បណ្ដោយ ៨០ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ (ក្រាលតង់កៅស៊ូបាត និងព័័ទ្ធជុំវិញស្រះ) ខណៈពេលនោះឈ្មោះរ៉ាត់ វ៉ា បានលោតទៅជួយកូនរហូតឡើងគោករួច ឈ្មោះ រ៉ាត់ វ៉ា ក៏បានអស់កម្លាំងលង់ទឹកស្លាប់នៅក្នុងស្រះនោះ៕
