សន្ដិសុខសង្គម

គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងថៃ បង្កការភ្ញាក់ផ្អើលតំបន់ខ្លះរបស់ខេត្តបាត់ដំបង

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ឧបទ្ទវហេតុគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងថៃ បានប៉ះពាល់និងភ្ញាក់ផ្អើលដល់ផ្នែកខ្លះក្នុងខេត្តបាត់ដំបង ប៉ុន្តែអាជ្ញាធរថាមិនមានទេ។

ក្រោយរងនូវការប៉ះពាល់ពីឥទ្ធិពលគ្រោះរញ្ជួយដីកម្រិតខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ រហូតស្រុតរលំ បាក់អគារ និងកំណាត់ផ្លូវមួយចំនួន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥នេះ មានប្រភពមួយចំនួនបានអះអាងថា នៅផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក៏ទទួលរងនូវការប៉ះពាល់រង្គើទឹកស្រះ រង្គើដី រង្គើអគារតិចៗផងដែរ ពិសេសនៅចំណុចទីប្រជុំជនក្រុង និងតំបន់ក្បែរទីប្រជុំជន។

ប្រភពពលរដ្ឋម្នាក់បានអះអាងតាមបណ្តាញសង្គមថា÷ នៅរសៀលថ្ងៃទី ២៨ នេះ ខណ:គាត់កំពុងឈរស្រាប់តែរង្គើដីមានសភាពធីងធោងតិចៗដោយគាត់នឹកស្មានថាគាត់គ្រាន់តែវិលមុខប៉ុណ្ណោះ។ ពលរដ្ឋខ្លះទៀតថា គាត់បានឃើញទឹកស្រះរបស់គាត់រង្គើដែរ ប៉ុន្តែត្រឹមរយ:ពេលខ្លី។

ចំណែកមន្ត្រីបម្រើការងារធនាគារម្នាក់ផ្សេងទៀតបានបញ្ជាក់ដែរថា÷ ភ្លាមៗគាត់មានអារម្មណ៍ថាការិយាល័យរបស់គាត់យោកៗ ភ្លាមនោះរូបគាត់ក៏រូតរះរត់ចុះមកដីដើម្បីបង្ការសុវត្ថិភាព។

នៅរសៀលថ្ងៃដដែលនេះ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងបានប្រាប់ Cambodia Flash News ថា÷ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចាប់តាំងពីថ្ងៃត្រង់មកមិនមានបាតុភូតរង្គើដី ឬអគារអ្វីនោះទេ ស្របពេលដែលរូបគាត់ក៏កំពុងនៅធ្វើការក្នុងខេត្តដែរ៕