ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ មានអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍សរុបចំនួន ១.៧០៦ នាក់ ក្នុងនោះមានមានស្រ្តីជិត ១.០០០ នាក់ ហើយបច្ចុប្បន្នមន្រ្តីជំនាញធ្វើតេស្តលើអ្នកស្ម័គ្រចិត្តជាង១៣.០០០ នាក់ ជាលទ្ធផលបានរកឃើញអ្នកជំងឺស្វាយប្រមាណជាង១២.០០០ នាក់ ដែលជាការព្រួយបារម្ភ។

នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធ នឹងជំងឺអេដស៍របស់ខេត្តមួយនេះ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារប្រចាំត្រីមាស១ និងដោះស្រាយបញ្ហាប្រឈមនានា នៃគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំ នៅក្នុងសាលាខេត្តនេះនៅព្រឹកថ្ងៃទី ២៨ មីនានេះ។
លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា៖ ខេត្តត្បូងឃ្មុំ មានអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍កំពុងព្យាបាលចំនួន ១.៧០៦នាក់ ក្នុងនោះស្ត្រី មានចំនួន៨៤២នាក់។ បច្ចុប្បន្ននេះក្រុមការងារបានបន្តតេស្តឈាម លើអ្នកស្ម័គ្រចិត្ត ជាង១៣.០០០នាក់ ជាលទ្ធផលមានអ្នកកើតជំងឺស្វាយ ១២.០០៥នាក់ នេះជាការគួរឲ្យព្រួយបារម្ភ។
លោក កែវ វណ្ណៈ បានបន្ថែមថា៖ នៅខេត្តត្បូងឃ្មុំ មានកន្លែងធ្វើតេស្តឈាម និងព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍មានចំនួន ៣កន្លែងៈនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំមួយកន្លែង, មន្ទីរពេទ្យបង្អែកនរោត្តមសីហនុត្បូងឃ្មុំ នៅក្រុងសួងមួយកន្លែង និងមន្ទីរពេទ្យបង្អែកស្រុកមេមត់មួយកន្លែង។ ដោយឡែកការព្យាបាលកំណត់មាន១កន្លែង នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។
លោក កែវ វណ្ណៈ បន្តថា តាមរយៈរបាយការណ៍ក្រុមការងារចុះអប់រំស្រាវជ្រាវពាក់ព័ន្ធលើកិច្ចការនេះ៣ ក្រុម គឺក្រុមស្ត្រីបម្រើផ្លូវភេទ មានជាង៥០០នាក់ ក្រុមបុរសស្រលាញ់បុរសដូចគ្នាជាង២០០០នាក់ និងក្រុមបំលែងភេទ មានជាង៤០០នាក់។
ជាមួយនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ផ្អែកតាមរយៈរបាយការណ៍លោកប្រធានមន្ទីរសុខាភិបាលខេត្ត គឺជាការព្រួយបារម្ភ ចំពោះការកើនឡើងអ្នកផ្ទុក និងព្យាបាលជំងឺអេដស៍ នៅកម្ពុជាឡើងវិញ ជាពិសេសក្នុងខេត្តត្បូងឃ្មុំ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ បានកន្លងផុតទៅ។
លោកជំទាវដែលជា ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តត្បូងឃ្មុំផងនោះ បានជំរុញដល់មន្ទីរ-អង្គភាព អង្គការ សមាគមន៍ ក្រុមការងារទាំងអស់ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ពិសេសក្នុងមូលដ្ឋានឃុំ-សង្កាត់ទាំង ៦៤ រួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ ដោយបន្តចុះបញ្ជ្រាបផ្សព្វផ្សាយអប់រំ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមមនុស្សទាំង៣ប្រភេទ ដែលងាយនឹងឆ្លង ជាការពញាក់ស្មារី ដើម្បីបញ្ចៀស និងកាត់បន្ថយ៕
