សន្ដិសុខសង្គម

ក្រុមហ៊ុនដែលការងារប្រឈមហានិភ័យត្រូវមានធានារ៉ាប់រងសម្រាប់អាជីវកម្ម

ដោយ៖ កំចាយ

កែប៖ មន្ត្រីមកពីក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា គ្រប់ម្ចាស់អាជីវកម្មដែលការងារប្រឈមនឹងហានិភ័យត្រូវមានធានារ៉ាប់រងបង្ការរាល់ករណីគ្រោះថ្នាក់ ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់ជីវិតស្ថិតក្រោមទំនួលខុសត្រូវស្របតាមច្បាប់ដែលបានចែងអំពីកាតព្វកិច្ចធានារ៉ាប់រង។

កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសង្គហមិត្តខេត្តកែបមានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ជូនសិក្ខាកាមដែលភាគច្រើនទទួលបន្ទុកការងារសន្តិសុខសណ្តាប់ធ្នាប់។

លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា វិស័យធានារ៉ាប់រងជាសមាសភាគដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គមតាមរយៈការបង្កើតសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមហានិភ័យដែលត្រូវបានធានាជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។ ច្បាប់ស្តីពីការធានារ៉ាប់រងបានកំណត់ករណីចំនួន៣ជាកាតព្វកិច្ច រួមមាន ១. ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តដោយកំណត់ថាម្ចាស់យានយន្តប្រកបអាជីវកម្មត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ។ ២. ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរដែលកំណត់ថាប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរដែលជិះតាមមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។ ៣. ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានដែលកំណត់ថារូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលជាម្ចាស់ការដ្ឋានត្រូវមានភស្តុតាងបញ្ជាក់ថាខ្លួនមានកិច្ចសន្យាធានារ៉ាប់រងលើភារៈទទួលខុសត្រូវនូវផលប៉ះពាល់ទាំងរូបរាងកាយ និងទ្រព្យសម្បត្តិបង្កដោយសកម្មភាពរបស់ការដ្ឋាន។

លោកស្រី ហោ សុវឌ្ឍនា បានបញ្ជាក់ថា ច្បាប់បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់។ ដូច្នេះ ម្ចាស់អាជីវកម្មត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវរាល់ការខូចខាតបណ្តាលមកពីសកម្មភាពរបស់ខ្លួន។ ជាមួយនោះ ច្បាប់ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ចទាំងនេះផងដែរ។

លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែបបានមានប្រសាសន៍ថា សកម្មភាពដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តកែបបានបង្ហាញពីសញ្ញាវិជ្ជមាននៃតម្រូវការសេវាធានារ៉ាប់រង។ ដូច្នេះ លោកស្រីសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជាជំរុញឲ្យមានការវិនិយោគដោយបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅខេត្តកែបសំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។ លោកស្រីអភិបាលរងខេត្តបានបន្តថា នេះជាជ្រុងមួយទៀតក្នុងការរួមចំណែកសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខេត្តកែប៕