ដោយ : បន្ទាយ

ថៃ ៖ ក្រោយរញ្ជួយដីកម្រិត ៧,៧ រ៉ិច្ឆទ័របានបំផ្លាញអគារនិងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅរាជធានីបាងកកនិងទូទាំងប្រទេសថៃ ហើយនាយករដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសអាសន្នទូទាំងប្រទេសថៃ ។
ទាក់ទិនគ្រោះធម្មជាតិនេះដែរ ក្រសួងការងារនិងបណ្តុះបណ្តាលជីវ:កម្ពុជា បានទម្លាក់លេខឲ្យពលរដ្ឋខ្មែរនៅថៃ អាចទាក់ទងទៅស្ថានទូត តាមលេខ 094 092 5905, 094 416 558, 083 545 7788, 062 089 8918, 092 299 0133 ។
លោកស្រី ភែតងតាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra ) នាយករដ្ឋមន្រ្តីថៃនៅរសៀលថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសអាសន្នទូទាំងប្រទេសថៃដោយព្រមានសាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានបន្ថែមទៀតក្រោយរញ្ជួយដីកម្រិត ៧,៧ រ៉ិច្ឆទ័របានបំផ្លាញអគារ និងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅទូទាំងប្រទេសថៃ។ នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ថៃ ។
ថ្លែងសារប្រកាសអាសន្នបន្ទាន់ពីភូកេត នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យមានការឆ្លើយតបសម្របសម្រួលនៅគ្រប់ក្រសួងរដ្ឋាភិបាលទាំងអស់ ដើម្បីដោះស្រាយស្ថានភាពដែលកំពុងកើតមានបន្ទាន់នៅប្រទេសថៃ។ លោកស្រីបានណែនាំឱ្យបញ្ជូនសារ SMS ផ្តល់នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗ។
ក្នុងពេលមានគ្រោះរញ្ជួយដី ហើយការប្រកាសអាសន្នភ្លាមៗកំពុងតែចាក់ផ្សាយនៅទូទាំងប្រទេសថៃ។
កងកម្លាំងសន្តិសុខត្រូវបានចល័តដើម្បីធានាសុវត្ថិភាពសាធារណៈ ហើយក្រសួងធនធានធម្មជាតិនិងបរិស្ថានកំពុងវាយតម្លៃនៃការខូចខាតដោយសារគ្រោះរញ្ជួយដី និងព្យាករណ៍ពីការរញ្ជួយដីដែលអាចកើតមាននាពេលខាងមុខ។
អ្នកជំនាញបានព្រមានថា ការរញ្ជួយដីគឺអាចនឹងកើតមានក្នុងរយៈ២៤ម៉ោងខាងមុខនេះទៀត៕
