សន្ដិសុខសង្គម

កម្ពុជាកំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើនាកន្លែងខ្លះនៅភ្នំពេញ និងក្រុងព្រះសីហនុ ដែលអាចជះឥទ្ធិពលពីការរញ្ជួយដីនៅភូមានិងថៃ

ដោយ : បន្ទាយ 

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ មកទល់ល្ងាចថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ បាននិងកំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើនៅកន្លែងខ្លះនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុនិងខេត្តខ្លះទៀតនៃប្រទេសកម្ពុជា ដោយសង្ស័យរងឥទ្ធិពលមកពីការរញ្ជួយដីកម្រិតធ្ងន់ធ្ងររហូតដល់ ៧.៧រ៉ិច្ឆទ័រ នៅទីក្រុងបាងកក ប្រទេសថៃនិងទីក្រុងបុរាណប្រទេសមីយ៉ាន់ម៉ា។

លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានប្រាប់សារព័ត៌មានក្នុងស្រុកថា នៅពេលនេះមន្ដ្រីជំនាញកំពុងធ្វើការប្រមូលព័ត៌មានបន្ថែមទៀត ដើម្បីធ្វើការវាយតម្លៃ និងសន្និដ្ឋានជំហានដំបូងជុំវិញហេតុការណ៍រង្គើនេះ ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់នៅប្រទេសជិតខាង ។

សេចក្តីរាយការណ៍ មួយចំនួនក្នុងប្រទេសថៃ បានឱ្យដឹងថា អគារបៃយ៉ុក (អគារ Baiyoke Tower-Bangkok, Thailand) កម្ពស់៨២ជាន់ នៅម្ដុំខណ្ឌ ប្រាក់ទូណាម នាទីក្រុងបាងកក បានប្រេះនិងផ្អៀង ក្រោយមានការរញ្ជួយដី។គេបានអំពាវនាវដល់ប្រជាពលរដ្ឋក្បែរតំបន់នោះបង្កើនប្រុងប្រយ័ត្ន។

តាមសេចក្តីជូនដំណឹងពីរដ្ឋបាលនៃអគារពាណិជ្ជកម្មកណ្តាលទីក្រុងបាងកកនេះ បានបំភ្លឺថា «មិន​មាន​សញ្ញា​នៃ​ការ​ខូច​ខាត ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​កញ្ចក់​អគារ​នោះ​ទេ» (កញ្ចក់​មួយ​ណា​ជា​ផ្នែក​ដែល​ផុយ​ស្រួយ​បំផុត) រួម​ទាំង​អគារ Baiyoke 2 ផង​ដែរ។

ប្រភពដដែលបន្តថា អគារបៃយ៉ុក រចនាឡើងដើម្បីទប់ទល់នឹងការរញ្ជួយដីរួចហើយ ហើយក្នុងអំឡុងពេលរញ្ជួយដី សណ្ឋាគារបានជម្លៀសចេញនិងថែរក្សាអតិថិជនទាំងអស់ឱ្យចាកចេញពីអគារដោយសុវត្ថិភាព៕