ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតភ្ជង់គំរាមយកទូរសព្ទ) នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាន់កាំបិតខ្វែវសម្លុតគំរាម ទៅលើជនរងគ្រោះ និងបានយកទូរសព្ទរបស់ជនរងគ្រោះម៉ាក iphone14 ពណ៌ស្វាយ ចំនួន០១គ្រឿង ហើយបានរត់គេចខ្លួនបាត់។
នៅវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញបានទទួលបណ្ដឹងបន្ទាន់ពីជនរងគ្រោះឈ្មោះ ទូច ហូសាណា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីនេះ ។
ក្រោយពីទទួលបានបណ្ដឹង កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះដល់កន្លែងកើតហេតុ ដោយជនរងគ្រោះ និងប្រជាពលរដ្ឋនៅក្បែរនោះបានជួយសហការតាមរកតាមរយៈប្រព័ន្ធកម្មវិធី អាយខ្លៅ ដែលភ្ជាប់ក្នុងទូរសព្ទរបស់ជនរងគ្រោះ រហូតដល់វេលាម៉ោង០១ និង៣០នាទី ចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃ្លោក សំបូរ ភេទប្រុស អាយុ២៩ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាង ១.ទូរសព្ទ ម៉ាក IPHONE ១៤ ពណ៌ស្វាយ ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះ), ២.កាំបិតខ្វែវដងដែក ប្រវែង១០២សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកការិយាល័យជំនាញដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមមានសារធាតុញៀន ។ចំណែកបក្ខពួកម្នាក់ទៀតត្រូវកំណត់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ហើយកម្លាំងកំពុងធ្វើការស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការចុះបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕
