ពន្ធដារ

អគ្គនាយកដ្ឋានពន្ធដាររំលឹកដល់សហគ្រាសក្នុងរបបស្វ័យប្រកាសរួសរាន់បំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូល ឲ្យបានយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ដើម្បីចៀសវាងទទួលរងទណ្ឌកម្មរដ្ឋបាលនានា

បន្ទាប់ពីសង្កេតឃើញថា សហគ្រាសមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ បានរួចរាល់ហើយ ប៉ុន្តែនៅមាន សហគ្រាសមួយចំនួនទៀតនៅមិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានចេញ សេចក្តីជូនដំណឹងលេខ ៨៩៩៩ អពដ ដើម្បីជាការរំលឹកសារជាថ្មីម្តងទៀត ដល់សហគ្រាសក្នុងរបបស្វ័យប្រកាសដែលមិនទាន់បានបំពេញ កាតព្វកិច្ចពន្ធលើប្រាក់ចំណូល អោយរួសរាន់ប្រកាសដឹងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ សហគ្រាស ដែលខកខានមិនបានបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូលទាន់ពេលវេលាកំណត់នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាលនានាស្របតាម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ ( Tax on Income –Tol e –Filing) ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕