ពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារដាក់ឲ្យប្រើប្រាស់លិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវ ដើម្បីធានាការផ្តល់សេវាអ្នកជាប់ពន្ធកាន់តែឆាប់រហ័ស

ដើម្បីធានាភាពត្រឹមត្រូវនៃការបំពេញកាតព្វកិច្ចប្រកាសនិងបង់ពន្ធ ព្រមទាំងផ្តល់សេវាជូនអ្នកជាប់ពន្ធឲ្យបានឆាប់រហ័ស ក្នុងករណីពិនិត្យឃើញភាពមិនប្រក្រតីណាមួយចំពោះការប្រកាសនិងបង់ប្រាក់ពន្ធ អគ្គនាយកដ្ឋានពន្ធដារនឹងជូនដំណឹងទៅសហគ្រាសស្តីពីការប្រកាសបង់ប្រាក់ពន្ធមិនបានត្រឹមត្រូវ និងភ្ជាប់ជាមួយតារាងឧបសម្ព័ន្ធលម្អិតអំពីប្រតិបត្តិការដែលបានរកឃើញដោយរដ្ឋបាលសារពើពន្ធ។ នេះបើយោងតាមសេចក្តីជូនដំណឹងលេខ ៩១២៤ អពដ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើលិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវ ជូនដល់ទីតាំងសហគ្រាសផ្ទាល់ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយអ្នកជាប់ពន្ធត្រូវឆ្លើយតបចំពោះលិខិតនេះតាម ករណី ដូចខាងក្រោម៖

១. ករណីយល់ស្របតាមលិខិតជូនដំណឹង ៖ អ្នកជាប់ពន្ធមានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង ដើម្បីបង់ប្រាក់ពន្ធ និងពន្ធបន្ថែម នៅធនាគារពាណិជ្ជជាដៃគូដែលបាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ( MOU) ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមរយៈប្រព័ន្ធ គ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ ( e-Payment System) ដោយប្រើប្រាស់លេខបារកូដ ឬ QR Code ដែលមានលើលិខិតជូនដំណឹងជាការស្រេច ។ ក្រោយពេលបង់ប្រាក់ពន្ធតាមលិខិតជូនដំណឹងរួចរាល់ ប្រព័ន្ធនឹងកែតម្រូវប្រតិបត្តិការនៃការប្រកាសពន្ធដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាស ពន្ធអាជីវកម្មរបស់អ្នកជាប់ពន្ធ។

២. ករណីមិនយល់ស្របតាមលិខិតជូនដំណឹង ៖ អ្នកជាប់ពន្ធមានរយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងដើម្បីឆ្លើយតបជាលាយលក្ខណ៍អក្សរនូវការមិនយល់ស្របចំពោះ ចំណែកណាមួយ ឬទាំងស្រុងចំពោះការរកឃើញរបស់រដ្ឋបាលសារពើពន្ធ ដោយភ្ជាប់ជាមួយឯកសារ បញ្ជាក់ជាសក្ខីកម្មទៅដាក់នៅបញ្ជរទទួលឯកសារនៃរដ្ឋបាលសារពើពន្ធ ឬតាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ ( GDT e – Administration) ។

៣. ករណីអ្នកជាប់ពន្ធខកខានមិនបានឆ្លើយតបក្នុងរយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការ ៖ បន្ទាប់ពីបានទទួលលិខិតជូនដំណឹង រដ្ឋបាលសារពើពន្ធនឹងចេញលិខិតជូនដំណឹងលើកទី២ ។ ក្នុងករណីដែលអ្នកជាប់ពន្ធមិនបានបង់ប្រាក់ពន្ធតាមការកំណត់ ឬមិនបានឆ្លើយតបក្នុងរយៈពេលដែលបានកំណត់លើលិខិត ជូនដំណឹងលើកទី២ នោះប្រាក់ពន្ធនឹងត្រូវកត់ត្រាជាបំណុលពន្ធ និងជាកម្មវត្ថុនៃការចុះធ្វើសវនកម្ម ពន្ធដារ ឬមានវិធានការតឹងទារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ក៍បានបញ្ជាក់ផងដែរថា លិខិតទាំងអស់របស់រដ្ឋបាលសារពើពន្ធត្រូវអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមាន QR Code និងលេខបារកូដសម្គាល់ច្បាស់លាស់ ដូច្នេះអ្នកជាប់ពន្ធត្រូវមានការប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានច្បាស់លាល់តាមរយៈកម្មវិធី GDT Check & Track ដោយជ្រើសរើសមុខងារ ត្រួតពិនិត្យឯកសារ ដើម្បីចៀសវាងការក្លែងបន្លំឯកសារ ឬលិខិតរដ្ឋបាលនានា របស់រដ្ឋបាលសារពើពន្ធ៕