ព័ត៌មានជាតិ

និស្សិតមកពីប្រទេសឥណ្ឌូនេសុី នាំយកអំណោយលោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនកុមារនៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់

ដោយ : បន្ទាយ 

បន្ទាយមានជ័យ: លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំជួបសំណេះសំណាល សួរសុខទុក្ខកូនៗ ក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី ចំនួន០៩នាក់ ចូលវិស្សមកាលមកលេងមណ្ឌល និងនាំយក អំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនក្រុមនិស្សិត និងសិស្សមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់និងហូប ចំនួន៥៨ នាក់ ។នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ ។

អញ្ជើញចូលរួមមាន : លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោកវរសេនីយទោ អ៊ុយ អ៊ូ ស្នងការរង លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរការពារព្រំដែនគោក៨៩១ លោក សឿម សាអ៊ីម លោកវរសេនីយ៍ទោ នី វិបុល អធិការរង ព្រមទាំងក្រុមការងារគណៈទ្រទ្រង់ វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់។

បើតាមមន្ត្រីក្រុមការងារ អំណោយរួមមាន៖
១-ថវិកា ចំនួន១. ៥០០ដុល្លារ(មួយពាន់ប្រាំរយដុល្លារ)
២-នុំភីហ្សារ ចំនួន ១០បន្ទះ
៣-ទឹកក្រូច ចំនួន ០៥កេស
៤-បាយដំណើបចំនួន ២០កញ្ចប់
៥-នំហាំបឺហ្គ័រ ចំនួន ៦៨ នំ ។

ក្នុងនោះនិស្សិតចំនួន០៩នាក់ក្នុងម្នាក់ៗបាន ថវិកា ១០០ដុល្លារ និងប្រគល់ជូនលោកប្រធានមណ្ឌលចំនួន៦០០ដុល្លារ ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោកកែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដោយក្តីនឹករលឹកជូនចំពោះ កូនៗដែលជាក្រុមនិស្សិត និងកុមារតូចៗ រួមទាំង គណៈគ្រប់គ្រង ។លោកផ្តាំផ្ញើ ប្អូនៗ ក្មួយៗត្រូវខិតខំ ព្យាយាមរៀនសូត្រ ​ក្រេបជញ្ជក់យកចំណេះជំនាញ មកអភិវឌ្ឍន៍ខ្លួនឯង សង្គមជាតិ និងប្រទេសជាតិ។

ចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ រួមសហការី បានពិសាអាហារ​រួមគ្នាជាមួយកូនៗ ប្អូន បង្កើននូវអនុស្សាវរីយ៍ ភាព​ស្និទ្ធស្នាល​ ​ស្នាមញញឹមជាមួយក្មួយៗកុមារ​ផង​ដែរ​ ៕