ដោយ : បន្ទាយ

ព្រំដែនកម្ពុជា ថៃ : មន្ត្រីកងកម្លាំង អាជ្ញាធរដែនដីកម្ពុជា ថៃខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវនាថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥ បានប្រជុំសម្ព័ន្ធមេត្រីភាពនិងពិភាក្សាការដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អ។
កិច្ចប្រជុំក្រោមសហអធិបតីភាពឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ (ភាគីកម្ពុជា) និងឧត្តមសេនីយ៍ត្រី ប៊េន ចាផុន ដេតឆាតិវង្ស ណ: អយុថាយ៉ា មេបញ្ជាការកងកម្លាំងបូព៌ា(ភាគីថៃ)។ចំពោះមន្ត្រីអាជ្ញាធរដែនដី មានលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យផងដែរ ។
កិច្ចប្រជុំបានធ្វើនៅការិយាល័យជួរមុខនៃកងកម្លាំងបូព៌ា ថៃ(ច្រកព្រំដែនអន្តរជាតិខ្លងលឹក ទល់មុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត) ។
ភាគីទាំងពីរអះអាងថា ពួកគេបានពិភាក្សាគ្នាលើការដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អធម្មតា ហើយបន្តធ្វើការជាមួយគ្នានិងទំនាក់ទំនងល្អរវាងអង្គភាពយោធាក្នុងតំបន់ ទល់មុខ ពិសេសនៅជួរមុខព្រំដែននៃប្រទេសទាំងពីរ កម្ពុជា -ថៃ ក្នុងភូមិសាស្ត្រខេត្តដែលខ្លួនឈរជើង ។
សូមបញ្ជាក់ថា ក្នុងមួយរយ:ចុងក្រោយ ឬគិតពីថ្ងៃទី៣ខែមីនាឆ្នាំ២០២៥ បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នារបស់កងទ័ពភាគីទាំង២ នៅប្រាសាទតាមាន់ធំនាស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ-ទល់មុខស្រុកភ្នំចុងរ៉ាក់ខេត្តសុរិន្ទ , ថៃរាយលួសបន្លានិងការកាត់លួសបន្លាប្រាសាទតាមាន់ ក្នុងខែមីនា , កងកម្លាំងថៃរាយលួសបន្លានៅភូមិសាស្ត្រស្រុកអារញ្ញប្រថេត ទល់មុខក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ,ការប៉ះទង្គិចពាក្យសម្ដីនៅច្រកតំបន់ព្រំដែនបឹងត្រកួនកាលពីថ្ងៃទី២០ខែមីនា, ការបង្កើនការល្បាតព្រំដែននិងបង្គោលព្រំដែន….ដែលនាំឲ្យកងកម្លាំង អាជ្ញាធរនិងសមត្ថកិច្ចភាគីទាំង២ត្រូវបង្កើនការប្រុងប្រយ័ត្ន ក៏ដូចជាការរកកល់យល់ច្រឡំលើគ្នានៅចំណុចខ្លះ។
ហេតុនេះ ការជួបប្រជុំពិភាក្សាគ្នានេះជាផ្នែកមួយដែលនៃមន្ត្រីកងកម្លាំង អាជ្ញាធរត្រូវខិតខំរក្សាការយល់ត្រូវលើគ្នា ការអត់ធ្មត់និងយោគយល់អធ្យាស្រ័យកម្រិតខ្ពស់រវាងគ្នាដើម្បីបញ្ចៀសបាតុភាពនិងការប៉ះទង្គិច ឬជម្លោះព្រំដែន ហើយថែរក្សា ការពារសន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាព រក្សាព្រំដែនមិត្តភាពនិងការអភិវឌ្ឍល្អប្រសើរបន្តទៀត៕
