សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង១៣ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងកាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២៥ ថា: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ : ១-ឈ្មោះ មាស គីមហុង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បទជួញដូរ និងប្រើប្រាស់, ២-ឈ្មោះ រតនៈ ពិទ្យាធានី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពីបទប្រើប្រាស់. ៣-ឈ្មោះ យ៉ាំ ដាវី ភេទស្រី អាយុ៤១ឆ្នាំ  មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពីបទជួញដូរ និងប្រើប្រាស់។

ក្នុងប្រតិបត្តិការនេះកម្លាំងដកយកវត្ថុតាង គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៤កូនថង់កិប ទម្ងន់ ១០,៧៨ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០៣គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១, ថង់សម្រាប់ច្រកគ្រឿងញៀនមូយចំនួន, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា : ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕