ដោយ៖ គង់ហេង
កំពង់ចាម៖ ក្នុងនាមប្រជាពលរដ្ឋ ខេត្តកំពង់ចាម យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រយ៉ាងពេញទំហឹង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំស្នើសុំចុះ«មហាសង្រ្កាន្ត ឬចូលឆ្នាំខ្មែរ»ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
នេះជាថ្លែងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ មីនាកន្លងទៅនេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងថា៖ ដើម្បីសម្តែងរំលឹកដឹងគុណចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ដែលបានពលី លះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិ វប្បធម៌ទាំងរូបី និងអរូបី ដ៏សម្បូរបែប បន្សល់ទុកជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ កូនចៅជំនាន់ក្រោយៗ។ កូនខ្មែរគ្រប់ៗរូបមានកិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាពិសេសយុវជន ជាទំពាំងស្នងឫស្សី ដែលជាម្ចាស់កេរ្តិ៍ដំណែលដ៏ថ្លៃថ្លានេះ សូមយើងទាំងអស់គ្នា ចូលរួមអភិរក្ស លើកស្ទួយសម្បត្តិវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញឡើង និងបន្តនិរន្តរភាពតទៅ។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា៖ ទិវាវប្បធម៌ឆ្នាំនេះ ស្របដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំស្នើសុំចុះ «មហាសង្ក្រាន្ត ឬចូលឆ្នាំខ្មែរ” ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ យកឱកាសនេះ ក្នុងនាម ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការស្នើសុំចុះ «មហាសង្ក្រាន្ត ឬចូលឆ្នាំខ្មែរ» ទៅក្នុងបញ្ជីមរកតវប្បធម៌អរូបីនៃ មនុស្សជាតិរបស់អង្គការយូណេស្កូ និងសូមចូលរួមថែរក្សា និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណី ទំនៀមទំលាប់វប្បធម៌ខ្មែរ ឱ្យនៅតែបន្តស្ថិតស្ថេរគង់វង្ស ថ្កុំថ្កើង និងរក្សាបាននូវភាពល្អត្រចេះត្រចង់៕
