សេដ្ឋកិច្ច

បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រសម្រាប់ស្រ្តី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច

ភ្នំពេញ ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី (UN Women) និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា រៀបចំ កម្មវិធីបន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្រ្តី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច”។

កម្មវិធីបន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) និងជាតំណាងអង្គការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី (UN Women) ប្រចាំប្រទេសកម្ពុជា និង លោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំង លោកស្រី ម៉ារ អមរា ប្រធាន​នាយក​ប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

លោកស្រី ម៉ារ អមរា ប្រធាន​នាយក​ប្រតិបត្តិស្តីទី ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា “នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ UN Women និង UN Global Compact ព្រមទាំងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏ដូចជា និយ័តករពាក់ព័ន្ធ រួមមាន និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ដែលបានជ្រើសរើសធនាគារ អេស៊ីលីដា​ សម្រាប់រៀបចំ កម្មវិធី “បន្លឺសំឡេងកណ្តឹង​ ដើម្បីសមភាពយេនឌ័រ សម្រាប់ស្រ្តី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច” នេះឡើង។ ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងរួមគ្នាមិនត្រឹមតែលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីលើកកម្ពស់ដល់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងយុវតីនៅគ្រប់ទីកន្លែង។

លោកស្រីប្រធាន​នាយក​ប្រតិបត្តិស្តីទី ​ធនាគារ អេស៊ីលីដាបានមានប្រសាន៍បន្ថែមថា៖ក្នុងនាមជាធនាគារពាណិជ្ជនាំមុខក្នុងវិស័យធនាគារ ធនាគារ អេស៊ីលីដា ចូលរួមក្នុងការប្រកួតប្រជែងលក្ខណៈចម្រុះ និងបរិយាបន្ន ដោយធានាថា សំឡេងរបស់ស្ត្រីត្រូវបានឮ និងឱ្យតម្លៃដល់កម្មករនិយោជិតគ្រប់ជាន់ថ្នាក់​របស់យើង។ ដូច្នេះ យើងរួមគ្នាបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងយុវតីគ្រប់រូប និងធានានូវផលប្រយោជន៍សម្រាប់សង្គម និងសេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយ។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកស្រីបានជម្រាបសង្ខេបអំពីព័ត៌មានរបស់ធនាគារ អេស៊ីលីដា ។នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារអេស៊ីលីដា មានចំនួនបុគ្គលិកសរុបទាំងអស់ចំនួន ១១.៩២៤ នាក់ ដោយស្រ្តីមានចំនួន ៤.៦៩១ នាក់ ស្មើនឹង ៣៩,៣៤% (ក្នុងនោះមានស្ត្រី ៤ រូប និងបុរស ៤រូប ជាគណៈគ្រប់គ្រងជាន់ខ្ពស់) ​ដែលមាន លោកបណ្ឌិត អ៊ិន ចាន់នី ជាអ្នកដឹកនាំផ្ទាល់ ព្រមទាំងមានចំនួនបុគ្គលិកដែលជាស្ថិតក្នុងលំដាប់គណៈគ្រប់គ្រងសរុបទាំងអស់ចំនួន ២.១៣០ នាក់ ក្នុងនោះស្រ្តីមានចំនួន ៦៩៦ នាក់ ស្មើនឹង ៣២,៦៨%។
បន្ថែមពីនេះ ធនាគារ អេស៊ីលីដា មានភាគហ៊ុនិកសាធារណៈសរុបចំនួន ១៩.៨៩១នាក់ ក្នុងនោះមានស្រ្តី ៨.១០១នាក់ ស្មើនឹង ៤០,៧៣%។ នេះបង្ហាញពីនិន្នាការដ៏សំខាន់ឆ្ពោះទៅរកការរួមបញ្ចូល និងការធ្វើពិពិធកម្មនៅក្នុងទិដ្ឋភាពនៃការ វិនិយោគ ដោយបង្ហាញពីការកើនឡើងនៃតួនាទីរបស់ស្ត្រីនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

លោកស្រីជឿជាក់ថា សមភាពយេនឌ័រមិនគ្រាន់តែជាសិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ពិភពលោកដែលមានសន្តិភាព វិបុលភាព និងនិរន្តរភាព។ នៅពេលដែលស្ត្រី និងយុវតី ត្រូវបានផ្តល់សិទ្ធិអំណាច នោះសហគមន៍ទាំងមូលនឹងរីកចម្រើន។ ការរួមចំណែករបស់ស្រ្តី និងយុវតី ចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយជាកាតព្វកិច្ចរបស់យើងក្នុងការធានាថាពួកគាត់មានឱកាស និងការគាំទ្រដែលពួកគាត់ត្រូវការដើម្បីទទួលបានជោគជ័យ។”

​ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៤លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួនជាង ៤,៤៨ លាននាក់។

សូមជម្រាបថា៖បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ គឺជាគំនិតផ្តូចផ្តើមសកលមួយ ដែលមានគោលបំណងលើកកម្ពស់ការយល់អំពី សារៈសំខាន់ និងតួនាទីស្នូល នៃសមភាពយេនឌ័រ ក្នុងការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ កម្មវិធីនេះរៀបចំជារៀងរាល់ឆ្នាំ ដោយ UN Women, UN Global Compact, ផ្សារភាគហ៊ុនសហព័ន្ធពិភពលោក (WFE), ការផ្តួចផ្តើមនៃផ្សារភាគហ៊ុនប្រកបដោយនិរន្តភាព (SSE Initiative) និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅ នៅក្នុងអំឡុងខែមីនា ស្របពេលជាមួយទិវាអន្តរជាតិនារី។ សកម្មភាព​ជា​និមិត្តរូប​នៃ​ការ​បន្លឺ​កណ្ដឹង​នេះ បង្ហាញ​ពី​ការ​អំពាវនាវ​ឱ្យ​ ​ធុរកិច្ច រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ធ្វើសកម្មភាព ដើម្បី​ប្តេជ្ញា​ចំពោះ​វិធានការ​ជាក់ស្តែង ​ដែល​លើកកម្ពស់សមភាព​យេនឌ័រ។

ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏សំខាន់មួយ ដើម្បីបង្ហាញពីអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គម នៃសមភាពយេនឌ័រ ដោយមានចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ និងជម្រុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការសម្រេចបាននូវវឌ្ឍនភាពដ៏មានអត្ថន័យ នៃសមភាពយេនឌ័រ នៅក្នុងវិស័យហិរញ្ញវត្ថុ និងសាជីវកម្ម៕