ដោយ : បន្ទាយ

បាត់ដំបង : កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ បានទទួលគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និង ក្រុមហ៊ុនសូគីមុិច ដឹកនាំដោយលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥ អញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងអំណរគុណនិងគោរពជូនពរយ៉ាងជ្រាលជ្រៅ ចំពោះដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល ក្រុមហ៊ុនសូគីមុិចនាពេលនេះ បានបង្ហាញពីការចូលរួមដឹងសុខដឹងទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធបានផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ដើម្បីចូលរួមចំណែកការពារបូរណភាពទឹកដី ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋតាមពាក្យស្លោក “ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា”។
ក្នុងពិធីនោះ លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តួចផ្តើមគំនិតចង្អុលបង្ហាញឱ្យបង្កើតកម្មវិធីដៃគូសម្ព័ន្ធមេត្រីភាពនេះឡើង ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធ រវាងកងកម្លាំង ជួរមុខការពារទឹកដីនៃមាតុភូមិ និងស្ថាប័នស៊ីវិលជាជួរក្រោយក្នុងស្មារតី សាមគ្គីជាតិជាធ្លុងមួយ។
លោករដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែ យកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសបងប្អូនកងទ័ពគ្រប់ជាន់ថ្នាក់។
អំណោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និង ក្រុមហ៊ុនសូគីមុិច ជូនដល់ យោធភូមិភាគទី៥នាពេលនេះមាន អង្ករ ចំនួន ១០តោន ទឹកត្រី ១០០យួរ ទឹកសុីអុីវ ១២៥យួរ មី ២០០កេស ទឹកសុទ្ធ ៣០កេស ស្រាបៀរ ៥០កេស ទឹកក្រូច ១០កេស និង ថវិកា ចំនួន ៤០.០០០.០០០រៀល៕
